1. ហាលេលូយ៉ា!ចូរលើកតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គសប្បុរសព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
2. តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គបាន?តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មានដើម្បីសរសើរតម្កើងព្រះអង្គបាន?
3. អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលាអ្នកនោះមានសុភមង្គលហើយ។
4. ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គគាប់ព្រះហឫទ័យនឹងប្រជារាស្ដ្ររបស់ព្រះអង្គសូមនឹកដល់ទូលបង្គំផង!ពេលណាព្រះអង្គសង្គ្រោះពួកគេសូមជួយទូលបង្គំ
5. ដើម្បីឲ្យទូលបង្គំឃើញសុភមង្គលរបស់ប្រជាជនដែលព្រះអង្គបានជ្រើសរើសឲ្យទូលបង្គំមានអំណររួមជាមួយប្រជាជាតិរបស់ព្រះអង្គហើយឲ្យទូលបង្គំបានខ្ពស់មុខរួមជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ។
6. យើងខ្ញុំបានប្រព្រឹត្តអំពើបាបដូចបុព្វបុរសរបស់យើងខ្ញុំយើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់!
7. កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេពួកគេបំភ្លេចកិច្ចការជាច្រើនដែលព្រះអង្គបានធ្វើចំពោះពួកគេដោយព្រះហឫទ័យមេត្តាករុណាពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គនៅក្បែរសមុទ្រកក់។
8. ក៏ប៉ុន្តែ ព្រះអង្គបានសង្គ្រោះពួកគេដោយយល់ដល់ព្រះនាមរបស់ព្រះអង្គដើម្បីបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ។
9. ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីងព្រះអង្គបានឲ្យគេដើរកាត់បាតសមុទ្រដូចដើរនៅវាលរហោស្ថាន។
10. ព្រះអង្គបានសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
11. ទឹកសមុទ្របានគ្របពីលើបច្ចាមិត្តគ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។
12. ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។
13. ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការដែលព្រះអង្គបានធ្វើពួកគេពុំបានរង់ចាំឲ្យព្រះអង្គសម្រេចតាមគម្រោងការរបស់ព្រះអង្គឡើយ។
14. នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ហើយនាំគ្នាល្បងលព្រះអង្គនៅវាលដ៏ហួតហែងនោះ។
15. ព្រះអង្គបានប្រទានឲ្យគេនូវអាហារដែលគេទាមទារគឺព្រះអង្គធ្វើឲ្យពួកគេបានឆ្អែតរហូតដល់ធុញទ្រាន់។
16. នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងលោកម៉ូសេហើយច្រណែននឹងលោកអើរ៉ុនដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអម្ចាស់
17. ពេលនោះ ដីក៏ប្រេះលេបលោកដាថានព្រមទាំងស្រូបបក្សពួករបស់លោកអប៊ីរ៉ាមទៀតផង។
18. មានភ្លើងមកឆេះបក្សពួករបស់គេហើយអណ្ដាតភ្លើងឆាបឆេះមនុស្សអាក្រក់ទាំងនោះអស់គ្មានសល់។
19. ក្រោយមក ពួកគេឆ្លាក់រូបកូនគោមួយនៅភ្នំហោរែបហើយនាំគ្នាក្រាបថ្វាយបង្គំរូបដែលធ្វើពីលង្ហិននោះ។
20. ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅមកថ្វាយបង្គំជំនួសព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿងវិញ។
21. ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
22. គឺការអស្ចារ្យផ្សេងៗនៅស្រុករបស់កូនចៅលោកហាំនិងដោយស្នាព្រះហស្ដដ៏គួរឲ្យស្ញែងខ្លាចនៅសមុទ្រកក់។
23. ព្រះអង្គមានព្រះបន្ទូលថានឹងកម្ទេចប្រជារាស្ត្រនេះប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើសបានឃាត់ព្រះអង្គមិនឲ្យលុបបំបាត់ពួកគេតាមព្រះពិរោធរបស់ព្រះអង្គឡើយ។
24. បន្ទាប់មកទៀត ពួកគេចង់បដិសេធមិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយពួកគេពុំព្រមជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ
25. ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួនមិនព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ឡើយ។
26. ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថានឹងទុកពួកគេឲ្យវិនាសនៅក្នុងវាលរហោស្ថាន
27. ព្រមទាំងកំចាត់កំចាយពូជពង្សរបស់ពួកគេទៅនៅពាសពេញក្នុងចំណោមប្រជាជាតិនានាហើយឲ្យគេស្លាប់នៅលើទឹកដីរបស់សាសន៍ដទៃ។
28. នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅថ្វាយបង្គំព្រះបាលព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែនទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
29. ពួកគេបានប្រព្រឹត្តអំពើដែលធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធបណ្ដាលឲ្យកើតមានគ្រោះកាចក្នុងចំណោមពួកគេ។
30. ពេលនេះ លោកភីនេហាសបានក្រោកឡើងដាក់ទោសពួកគេហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។
31. ព្រោះតែការនេះ ព្រះអម្ចាស់បានប្រោសលោកឲ្យបានសុចរិតអស់កល្បជាអង្វែងតរៀងទៅ។
32. នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នាធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធហើយលោកម៉ូសេទទួលទោស ព្រោះតែពួកគេ
33. គឺពួកគេធ្វើឲ្យលោកឆ្អែតចិត្តហើយមានប្រសាសន៍ចេញមកដោយពុំបានគិត។
34. ពួកគេពុំបានប្រហារប្រជាជាតិនានាតាមព្រះបញ្ជារបស់ព្រះអម្ចាស់ទេ។
35. ពួកគេបែរជាទៅពាក់ព័ន្ធជាមួយប្រជាជាតិទាំងនោះហើយនាំគ្នាប្រព្រឹត្តតាមសាសន៍ទាំងនោះ
36. គឺថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសន៍ដទៃដែលជាអន្ទាក់នាំឲ្យពួកគេវិនាស។
37. ពួកគេបានយកកូនប្រុសកូនស្រីទៅធ្វើយញ្ញបូជាឲ្យអារក្ស។
38. ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួនដែលគ្មានកំហុសដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយនៅស្រុកកាណានឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដីរបស់ពួកគេលែងវិសុទ្ធទៀត។
39. អំពើដែលពួកគេប្រព្រឹត្តបានធ្វើឲ្យខ្លួនគេទៅជាសៅហ្មង ពួកគេបានក្បត់ព្រះជាម្ចាស់ដោយសារអំពើរបស់ខ្លួន។
40. ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំងព្រះអង្គទាស់ព្រះហឫទ័យនឹងប្រជាជនផ្ទាល់របស់ព្រះអង្គ។
41. ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជាតិនានាព្រះអង្គឲ្យបច្ចាមិត្តគ្រប់គ្រងលើពួកគេ។
42. ខ្មាំងសត្រូវជិះជាន់សង្កត់សង្កិនពួកគេព្រមទាំងបង្ក្រាបពួកគេឲ្យចុះចូលក្រោមអំណាចរបស់ខ្លួនទៀតផង។
43. ព្រះអង្គបានរំដោះពួកគេច្រើនលើកច្រើនគ្រាក៏ប៉ុន្តែ ពួកគេនៅតែនាំគ្នាបះបោរប្រឆាំងនឹងព្រះអង្គហើយប្រព្រឹត្តអំពើបាបកាន់តែខ្លាំងឡើងៗ។
44. ពេលព្រះអង្គឮពួកគេស្រែកអង្វរព្រះអង្គក៏មានព្រះហឫទ័យអាណិតពួកគេដែលកំពុងរងទុក្ខលំបាក
45. ព្រះអង្គប្រោសប្រណីពួកគេដោយនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គព្រះអង្គដូរព្រះហឫទ័យព្រោះព្រះអង្គមានមេត្តាករុណាធម៌ដ៏លើសលប់។
46. ព្រះអង្គធ្វើឲ្យអស់អ្នកដែលចាប់ពួកគេយកទៅធ្វើជាឈ្លើយមានចិត្តអាណិតមេត្តាពួកគេ។
47. ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយសូមសង្គ្រោះយើងខ្ញុំផង!សូមប្រមែប្រមូលយើងខ្ញុំពីចំណោមប្រជាជាតិនានាមកវិញដើម្បីឲ្យយើងខ្ញុំលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ!
48. សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលតាំងពីដើមរៀងមកហើយអស់កល្បតរៀងទៅ!សូមឲ្យប្រជារាស្ត្រពោលទាំងអស់គ្នាថា:អាម៉ែន! ហាលេលូយ៉ា!