គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 105:33-45 Khmer Standard Version (KHSV)

33. ព្រះ‌អង្គ​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរនិង​ចម្ការ​ដំណាំ​របស់​គេព្រះ‌អង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាននៅ​លើ​ទឹក​ដី​របស់​គេ។

34. ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលនោះ​ក៏​មាន​កណ្ដូប និង​ក្រាដែល​មាន​ចំនួន​ច្រើន​ឥត​គណនា

35. ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។

36. បន្ទាប់​មក ព្រះ‌អង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាននៅ​ក្នុង​ស្រុក​របស់​គេគឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេនៅ​ពេញ​កម្លាំង​នៅ​ឡើយ។

37. បន្ទាប់​មក ព្រះ‌អង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គចាក​ចេញ​ពី​ស្រុក​អេស៊ីបទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផងហើយ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេគ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។

38. ពេល​ពួក​គេ​ចាក​ចេញ​ទៅជន‌ជាតិ​អេស៊ីប​នាំ​គ្នា​សប្បាយ​ចិត្តដ្បិត​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច​ពួក​គេ​ជា​ខ្លាំង។

39. ព្រះ‌អង្គ​បាន​ដាក់​ពពក*​បាំង​ពី​លើ​ពួក​គេហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេនៅ​ពេល​យប់។

40. ពួក​គេ​សុំ​អាហារ ព្រះ‌អង្គ​ប្រទាន​សត្វ​ក្រួចនិង​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌មក​ឲ្យ​គេ​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។

41. ព្រះ‌អង្គ​បាន​បំបែក​ថ្មធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មកប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួត‌ហែង។

42. ព្រះ‌អង្គ​នឹក​ដល់​ព្រះ‌បន្ទូល​ដ៏‌វិសុទ្ធដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

43. ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គចេញ​មក​ដោយ​អំណរ​សប្បាយព្រះ‌អង្គ​បាន​នាំ​ប្រជា‌ជន​ដែល​ទ្រង់បាន​ជ្រើស​រើស​ចេញ​មក​ដោយ​ហ៊ោ​កញ្ជ្រៀវ។

44. ព្រះ‌អង្គ​បាន​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានាមក​ចែក​ឲ្យ​ពួក​គេព្រម​ទាំង​ឲ្យ​ពួក​គេ​ទទួល​ភោគ‌ផលដែល​ប្រជា‌ជាតិ​ទាំង​នោះ​បាន​ដាំ

45. ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាមសេចក្ដី​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អង្គនិង​ធ្វើ​តាម​វិន័យ​របស់​ព្រះ‌អង្គ។ហាលេ‌លូយ៉ា!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 105