គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 105:21-36 Khmer Standard Version (KHSV)

21. បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​លោក​ឲ្យត្រួត‌ត្រា​លើ​ព្រះ‌រាជ​វាំងព្រម​ទាំង​ឲ្យ​លោក​មើល​ខុស​ត្រូវលើ​ព្រះ‌រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។

22. ស្ដេច​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រាលើ​មន្ត្រី​ទាំង​អស់ហើយ​ឲ្យ​លោក​ប្រៀន‌ប្រដៅពួក​ព្រឹទ្ធា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។

23. ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅក្នុង​ស្រុក​អេស៊ីបកូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យនៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។

24. ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​កើន​ចំនួន​ច្រើន​ឡើងមាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។

25. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិអេស៊ីប​ដូរ​ចិត្ត​គំនិតគឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គពួក​គេ​បាន​បោក​ប្រាស់និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

26. ព្រះ‌អង្គ​បាន​ចាត់​លោក​ម៉ូសេជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គព្រម​ទាំង​លោក​អើរ៉ុនជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ឲ្យ​ទៅ។

27. លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះ‌អង្គសម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។

28. ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការនៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​បាន​ឡើយ។

29. ព្រះ‌អង្គ​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាមព្រះ‌អង្គ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។

30. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើងមក​ពេញ​ក្នុង​ស្រុកគឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡា‌បន្ទំ​របស់​ស្ដេច។

31. ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលនោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូសមក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។

32. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​បង្អុរចុះ​មក​ជំនួស​ភ្លៀងព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។

33. ព្រះ‌អង្គ​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរនិង​ចម្ការ​ដំណាំ​របស់​គេព្រះ‌អង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាននៅ​លើ​ទឹក​ដី​របស់​គេ។

34. ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលនោះ​ក៏​មាន​កណ្ដូប និង​ក្រាដែល​មាន​ចំនួន​ច្រើន​ឥត​គណនា

35. ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។

36. បន្ទាប់​មក ព្រះ‌អង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាននៅ​ក្នុង​ស្រុក​របស់​គេគឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេនៅ​ពេញ​កម្លាំង​នៅ​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 105