1. ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ចូរប្រកាសព្រះនាមព្រះអង្គ!ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គប្រាប់ប្រជាជាតិនានា!
2. ចូរច្រៀងតម្កើងព្រះអង្គចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ!ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ!
3. ចូរខ្ពស់មុខឡើងព្រោះអ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏វិសុទ្ធ!អស់អ្នកស្វែងរកព្រះអម្ចាស់អើយចូរសប្បាយចិត្តចុះ!
4. ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គឥតឈប់ឈរឡើយ!
5. ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលព្រះអង្គបានធ្វើចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។
6. អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំដែលជាអ្នកបម្រើរបស់ព្រះអង្គអ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុបដែលព្រះអង្គបានជ្រើសរើសអើយ
7. មានតែព្រះអម្ចាស់ទេដែលជាព្រះរបស់យើងព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
8. ព្រះអង្គតែងតែនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ចគឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេររហូតដល់មួយពាន់តំណ
9. ព្រះអង្គនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយលោកអ៊ីសាក
10. ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះជាមួយលោកយ៉ាកុបទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយលោកអ៊ីស្រាអែល។
11. គឺព្រះអង្គមានព្រះបន្ទូលថា:«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នកទុកជាចំណែកមត៌ក»។
12. នៅគ្រានោះ ប្រជាជនអ៊ីស្រាអែលជាក្រុមមួយដ៏តូចដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
13. គេធ្វើដំណើរពីស្រុកមួយទៅស្រុកមួយពីនគរមួយទៅនគរមួយទៀត។
14. ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់សង្កត់សង្កិនគេទេដើម្បីការពារពួកគេព្រះអង្គបានបន្ទោសស្ដេចនានាថា:
15. «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេងអភិសេកនេះឡើយកុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
16. ព្រះអង្គបានធ្វើឲ្យទុរ្ភិក្សកើតមាននៅក្នុងស្រុកនោះព្រះអង្គធ្វើឲ្យពួកគេខ្វះម្ហូបអាហារ
17. ព្រះអង្គចាត់បុរសម្នាក់ឲ្យទៅមុនគឺលោកយ៉ូសែបដែលគេបានលក់ជាទាសករ។
18. គេដាក់ខ្នោះជើងលោកហើយដាក់ច្រវាក់កលោក
19. រហូតដល់មានហេតុការណ៍កើតឡើងស្របតាមពាក្យដែលលោកបានថ្លែងទុកគឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។
20. ស្ដេចស្រុកអេស៊ីបដែលជាម្ចាស់លើប្រជារាស្ត្រនានាបានចេញបញ្ជាឲ្យគេស្រាយចំណងដោះលែងលោក។
21. បន្ទាប់មក ស្ដេចបានតែងតាំងលោកឲ្យត្រួតត្រាលើព្រះរាជវាំងព្រមទាំងឲ្យលោកមើលខុសត្រូវលើព្រះរាជ្យទ្រព្យទាំងអស់ទៀតផង។
22. ស្ដេចប្រទានឲ្យលោកត្រួតត្រាលើមន្ត្រីទាំងអស់ហើយឲ្យលោកប្រៀនប្រដៅពួកព្រឹទ្ធាចារ្យរបស់ស្ដេចទៀតផង។
23. ពេលនោះ ជនជាតិអ៊ីស្រាអែលទៅរស់នៅក្នុងស្រុកអេស៊ីបកូនចៅរបស់លោកយ៉ាកុបស្នាក់អាស្រ័យនៅលើទឹកដីរបស់កូនចៅលោកហាំ។
24. ព្រះជាម្ចាស់ប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គកើនចំនួនច្រើនឡើងមានកម្លាំងជាងបច្ចាមិត្តទៅទៀត។
25. ព្រះអង្គបានធ្វើឲ្យជនជាតិអេស៊ីបដូរចិត្តគំនិតគឺពួកគេនាំគ្នាស្អប់ប្រជារាស្ត្ររបស់ព្រះអង្គពួកគេបានបោកប្រាស់និងធ្វើបាបអ្នកបម្រើរបស់ព្រះអង្គ។
26. ព្រះអង្គបានចាត់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គព្រមទាំងលោកអើរ៉ុនជាអ្នកដែលព្រះអង្គបានជ្រើសរើសឲ្យទៅ។
27. លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។
28. ព្រះជាម្ចាស់បានធ្វើឲ្យមានភាពអន្ធការនៅពេញស្រុក គ្មាននរណាជំទាស់នឹងព្រះបន្ទូលរបស់ព្រះអង្គបានឡើយ។
29. ព្រះអង្គបានប្រែទឹកឲ្យទៅជាឈាមព្រះអង្គធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។
30. ព្រះអង្គធ្វើឲ្យមានកង្កែបឡើងមកពេញក្នុងស្រុកគឺឡើងរហូតទៅដល់ក្រឡាបន្ទំរបស់ស្ដេច។
31. ពេលព្រះអង្គមានព្រះបន្ទូលនោះក៏មានរុយដែលមានពិស និងមូសមករាតត្បាតពាសពេញក្នុងស្រុករបស់គេ។
32. ព្រះអង្គធ្វើឲ្យមានព្រឹលបង្អុរចុះមកជំនួសភ្លៀងព្រមទាំងមានរន្ទះបាញ់ឆេះស្រុករបស់គេផង។
33. ព្រះអង្គបានបំផ្លាញចម្ការទំពាំងបាយជូរនិងចម្ការដំណាំរបស់គេព្រះអង្គបំបាក់ដើមឈើទាំងប៉ុន្មាននៅលើទឹកដីរបស់គេ។
34. ពេលព្រះអង្គមានព្រះបន្ទូលនោះក៏មានកណ្ដូប និងក្រាដែលមានចំនួនច្រើនឥតគណនា
35. ទៅស៊ីបង្ហិនដំណាំទាំងប៉ុន្មាននៅក្នុងស្រុកគេព្រមទាំងស៊ីបង្ហិនបន្លែបង្ការដែលដុះចេញពីដីរបស់គេផង។
36. បន្ទាប់មក ព្រះអង្គបានប្រហារកូនច្បងទាំងប៉ុន្មាននៅក្នុងស្រុករបស់គេគឺកូនដែលកើតមកក្នុងពេលគេនៅពេញកម្លាំងនៅឡើយ។
37. បន្ទាប់មក ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គចាកចេញពីស្រុកអេស៊ីបទាំងនាំយកមាសប្រាក់ទៅជាមួយផងហើយក្នុងចំណោមកុលសម្ព័ន្ធរបស់គេគ្មាននរណាម្នាក់ទន់ខ្សោយឡើយ។
38. ពេលពួកគេចាកចេញទៅជនជាតិអេស៊ីបនាំគ្នាសប្បាយចិត្តដ្បិតជនជាតិអេស៊ីបភ័យខ្លាចពួកគេជាខ្លាំង។
39. ព្រះអង្គបានដាក់ពពក*បាំងពីលើពួកគេហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេនៅពេលយប់។
40. ពួកគេសុំអាហារ ព្រះអង្គប្រទានសត្វក្រួចនិងប្រទានអាហារពីស្ថានសួគ៌មកឲ្យគេបរិភោគយ៉ាងឆ្អែតបរិបូណ៌។
41. ព្រះអង្គបានបំបែកថ្មធ្វើឲ្យមានទឹកហូរចេញមកប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។
42. ព្រះអង្គនឹកដល់ព្រះបន្ទូលដ៏វិសុទ្ធដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំជាអ្នកបម្រើរបស់ព្រះអង្គ។
43. ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញមកដោយអំណរសប្បាយព្រះអង្គបាននាំប្រជាជនដែលទ្រង់បានជ្រើសរើសចេញមកដោយហ៊ោកញ្ជ្រៀវ។
44. ព្រះអង្គបានយកទឹកដីរបស់ប្រជាជាតិនានាមកចែកឲ្យពួកគេព្រមទាំងឲ្យពួកគេទទួលភោគផលដែលប្រជាជាតិទាំងនោះបានដាំ
45. ដើម្បីឲ្យពួកគេប្រតិបត្តិតាមសេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គនិងធ្វើតាមវិន័យរបស់ព្រះអង្គ។ហាលេលូយ៉ា!