គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 9:10-21 Khmer Standard Version (KHSV)

10. ព្រះ‌អម្ចាស់​ប្រគល់​បន្ទះ​ថ្ម​ពីរ​មក​ឲ្យ​ខ្ញុំ ជា​បន្ទះ​ថ្ម​ចារ​ដោយ​ព្រះ‌អង្គុលី​របស់​ព្រះ‌អង្គ​ផ្ទាល់ មាន​ចែង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ភ្លើង​មក​កាន់​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​អ្នក​ជួប‌ជុំ​គ្នា។

11. សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួប​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​នេះ​មក​ខ្ញុំ។

12. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ប្រជា‌ជន​របស់​អ្នក គឺ​ប្រជា‌ជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បង្ហាញ​ដល់​ពួក​គេ​ដោយ​សិត​ធ្វើ​រូប​បដិមា​មួយ”។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: “យើង​បាន​ឃើញ​ថា ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​រឹង‌រូស។

14. ចូរ​ទុក​ឲ្យ​យើង​បំផ្លាញ​ពួក​គេ និង​លុប​ឈ្មោះ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ផែនដី រួច​យើង​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​កើត​ចេញ​ពី​អ្នក ជា​ប្រជា‌ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​នេះ”។

15. ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ទាំង​ពីរ​ផ្ទាំង។ ពេល​នោះ មាន​ភ្លើង​ពាស‌ពេញ​លើ​ភ្នំ។

16. ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ អ្នក​រាល់​គ្នា​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​ដែល​ព្រះ‌អម្ចាស់​បង្ហាញ​ដល់​អ្នក​រាល់​គ្នា។

17. ខ្ញុំ​ក៏​ចាប់​បន្ទះ​ថ្ម​មក​កាន់​ក្នុង​ដៃ​ទាំង​ពីរ ហើយ​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​ឲ្យ​បែក នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា»។

18. «បន្ទាប់​មក ខ្ញុំ​បាន​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ខ្ញុំ​មិន​បរិភោគ​អាហារ ឬ​ទឹក ដូច​ពី​មុន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។

19. ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ និង​ក្រេវ‌ក្រោធ​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀត ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ។

20. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​លោក​អើរ៉ុន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ ខ្ញុំ​ក៏​បាន​ទូល‌អង្វរ​ព្រះ‌អង្គ​ឲ្យ​លោក​អើរ៉ុន​ដែរ។

21. ខ្ញុំ​បាន​យក​រូប​កូន​គោ ដែល​ជា​ស្នា‌ដៃ​នៃ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​នោះ ទៅ​ដុត​កម្ទេច​ក្នុង​ភ្លើង​ឲ្យ​ម៉ដ្ដ​ដូច​ធូលី​ដី ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 9