ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 7 Khmer Standard Version (KHSV)

អ៊ីស្រា‌អែល​មិន​ត្រូវ​ឡូក​ឡំ​ជា​មួយ​ប្រជា‌ជាតិ​នានា តែ​ត្រូវ​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់

1. «ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ ដោយ​បណ្ដេញ​ប្រជា‌ជាតិ​ជា​ច្រើន​ចេញ​ពី​មុខ​អ្នក ដូច​ជា​ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស គឺ​ប្រជា‌ជាតិ​ទាំង​ប្រាំ‌ពីរ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក

2. ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យ‌ជំនះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់។ កុំ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្ដោស​ពួក​គេ​ឡើយ។

3. កុំ​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នេះ ដោយ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​កូន​ប្រុស​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​របស់​ពួក​គេ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ដែរ។

4. បើ​មិន​ដូច្នោះ​ទេ កូន​ប្រុស​របស់​អ្នក​មុខ​ជា​បែរ​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា ហើយ​កម្ទេច​អ្នក​មួយ​រំពេច។

5. អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍​ទាំង​នោះ​ដូច​ត​ទៅ គឺ​ត្រូវ​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្តូប​របស់​ពួក​គេ ត្រូវ​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​ដុត​កម្ទេច​រូប​ព្រះ​របស់​ពួក​គេ។

6. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់»។

ព្រះ‌អម្ចាស់​ស្មោះ​ត្រង់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ

7. «ព្រះ‌អម្ចាស់​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។

8. ព្រះ‌អង្គ​ជ្រើស​រើស​អ្នក​រាល់​គ្នា មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះ‌ហឫទ័យ​គោរព​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។

9. ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះ‌អង្គ​គោរព​តាម​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

10. ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ និង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។

11. ដូច្នេះ អ្នក​ត្រូវ​កាន់​តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​យក​ទៅ​ប្រតិបត្តិ​តាម។

12. ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​វិន័យ​ទាំង​នេះ ហើយ​កាន់ និង​ប្រតិបត្តិ​តាម ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក៏​ធ្វើ​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ព្រម​ទាំង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ​ចំពោះ​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​ដែរ។

13. ព្រះ‌អង្គ​នឹង​ស្រឡាញ់​អ្នក ប្រទាន​ពរ​ដល់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង។ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក​បង្ក​បង្កើត​ផល មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ និង​ប្រេង​ដ៏​បរិបូណ៌។ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក បង្កើត​កូន​ចៅ​កើន​ចំនួន​ឡើង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក។

14. អ្នក​នឹង​ទទួល​ពរ​លើស​ជាតិ​សាសន៍​ទាំង​អស់ គឺ​ក្នុង​ស្រុក​របស់​អ្នក គ្មាន​បុរស ឬ​ស្ត្រី ដែល​ពុំ​អាច​បង្កើត​កូន ហើយ​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​គ្មាន​សត្វ​ដែល​ពុំ​អាច​បង្កើត​កូន​ដែរ។

15. ព្រះ‌អម្ចាស់​នឹង​កំចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ព្រះ‌អង្គ​ឲ្យ​ជំងឺ​ទាំង​នោះ​កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។

16. អ្នក​នឹង​បំផ្លាញ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ មិន​ត្រូវ​អាណិត​អាសូរ​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​របស់​គេ​ដែរ ព្រោះ​ជា​អន្ទាក់​សម្រាប់​អ្នក​រាល់​គ្នា»។

ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ

17. «មិន​ត្រូវ​រិះគិត​ក្នុង​ចិត្ត​ថា “ប្រជា‌ជាតិ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ជាង​ខ្ញុំ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​នេះ​បាន?”

18. កុំ​ខ្លាច​ពួក​គេ​ឡើយ តែ​ត្រូវ​នឹក​គិត​អំពី​ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ប្រព្រឹត្ត​ចំពោះ​ព្រះចៅ​ផារ៉ោន និង​អ្នក​ស្រុក​អេស៊ីប​ទាំង​មូល។

19. អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​កាច​ដ៏​ធំៗ ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ព្រម​ទាំង​ឫទ្ធិ‌បារមី និង​តេជា‌នុភាព ដើម្បី​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។ ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក៏​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹក​ខ្លាច​ដែរ។

20. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ចាត់​សត្វ​ឪម៉ាល់​ទៅ​ប្រហារ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ហើយ​លាក់​ខ្លួន ឲ្យ​វិនាស​សូន្យ​នៅ​មុខ​អ្នក។

21. កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច។

22. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដេញ​កំចាត់​ពួក​គេ​ចេញ​ឆ្ងាយ​ពី​អ្នក​បន្តិច​ម្ដងៗ។ អ្នក​ពុំ​អាច​បំផ្លាញ​ពួក​គេ​អស់​ភ្លាមៗ​ឡើយ បើ​មិន​ដូច្នោះ​ទេ សត្វ​ព្រៃ​កើន​ចំនួន​ច្រើន​ឡើង ហើយ​ធ្វើ​ទុក្ខ​អ្នក​ជា​មិន​ខាន។

23. ប៉ុន្តែ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​អំណាច​អ្នក ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​វិនាស​សូន្យ​ទាំង​ស្រុង។

24. ព្រះ‌អង្គ​នឹង​ប្រគល់​ស្ដេច​របស់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក អ្នក​នឹង​លុប​បំបាត់​ឈ្មោះ​របស់​ស្ដេច​ទាំង​នោះ​អស់​ពី​ផែនដី។ អ្នក​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​ទេ។

25. ត្រូវ​ដុត​កម្ទេច​រូប​ព្រះ​របស់​ពួក​គេ ដោយ​ឥត​នឹក​ស្ដាយ​មាស​ប្រាក់ ដែល​ស្ថិត​នៅ​លើ​រូប​ទាំង​នោះ​ឡើយ។ កុំ​ទុក​វត្ថុ​ទាំង​នោះ​ឲ្យ​សោះ ក្រែង​លោ​វា​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​អ្នក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្អប់​វត្ថុ​ទាំង​នោះ​ណាស់។

26. មិន​ត្រូវ​យក​រូប​ព្រះ​ក្លែង‌ក្លាយ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​វិនាស​ទាំង​ស្រុង​ដូច​រូប​ទាំង​នោះ​ដែរ។ ត្រូវ​ចាត់​ទុក​របស់​ទាំង​នោះ​ជា​វត្ថុ​ដ៏​ចង្រៃ​គួរ​ស្អប់​ខ្ពើម ដ្បិត​ជា​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់»។