គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 6:14-25 Khmer Standard Version (KHSV)

14. មិន​ត្រូវ​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ឯ​ទៀតៗ ក្នុង​ចំណោម​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា​ឡើយ

15. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។

16. មិន​ត្រូវ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បង‌ល​ព្រះ‌អង្គ នៅ​ម៉ាសា​នោះ​ឡើយ។

17. ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​ច្បាប់ ដែល​ព្រះ‌អង្គ​បាន​បង្គាប់។

18. ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត និង​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​កាន់​កាប់​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​បុព្វបុរស​របស់​អ្នក​ថា នឹង​ប្រទាន​ដល់​អ្នក

19. ដោយ​បណ្ដេញ​ខ្មាំង​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក។

20. នៅ​ថ្ងៃ​មុខ ប្រសិន​បើ​កូន​របស់​អ្នក​សួរ​ថា: តើ​ដំបូន្មាន ច្បាប់ និង​វិន័យ​ទាំង‌ឡាយ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក​យើង​នេះ មាន​ន័យ​ដូច​ម្ដេច?

21. អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះចៅ​ផារ៉ោន​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

22. ព្រះ‌អម្ចាស់​បាន​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​យ៉ាង​សំបើម​អស្ចារ្យ ឲ្យ​យើង​ឃើញ ដើម្បី​កម្ទេច​ព្រះចៅ​ផារ៉ោន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច។

23. ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ មក​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ថា​នឹង​ប្រគល់​មក​ឲ្យ​យើង។

24. ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​យើង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​នេះ ព្រម​ទាំង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​មាន​សុភមង្គល​ជា​រៀង​រាល់​ថ្ងៃ និង​ឲ្យ​ព្រះ‌អង្គ​ថែ‌រក្សា​អាយុ​ជីវិត​របស់​យើង ដូច​ព្រះ‌អង្គ​ថែ‌រក្សា​នៅ​ថ្ងៃ​នេះ។

25. យើង​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក ដើម្បី​ឲ្យ​យើង​បាន​សុចរិត ហើយ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 6