ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 6 Khmer Standard Version (KHSV)

ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក

1. «នេះ​ជា​បទ‌បញ្ជា គឺ​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។

2. ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ។

3. អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក បាន​សន្យា​ជា​មួយ​អ្នក។

4. អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះ‌អង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។

5. អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។

6. ត្រូវ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។

7. ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។

8. ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។

9. ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។

កុំ​បំភ្លេច​ព្រះ‌ជាម្ចាស់​ឡើយ

10. «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​ថា​នឹង​ប្រគល់​ឲ្យ​អ្នក។ ស្រុក​នោះ​មាន​ក្រុង​ដ៏​ធំៗ ហើយ​ស្អាតៗ ជា​ក្រុង​ដែល​អ្នក​មិន​បាន​សង់

11. ព្រម​ទាំង​មាន​ផ្ទះ​ពេញ​ទៅ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង ជា​ទ្រព្យ​ដែល​អ្នក​ពុំ​បាន​ស្វះ‌ស្វែង​រក មាន​អណ្ដូង​ស្រាប់ គឺ​អណ្ដូង​ដែល​អ្នក​ពុំ​បាន​ជីក ហើយ​មាន​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​ដែល​អ្នក​ពុំ​បាន​ដាំ។

12. ពេល​ណា​អ្នក​មាន​ភោគ‌ផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

13. ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​គោរព​បម្រើ​ព្រះ‌អង្គ និង​ពោល​ពាក្យ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។

14. មិន​ត្រូវ​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ឯ​ទៀតៗ ក្នុង​ចំណោម​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា​ឡើយ

15. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។

16. មិន​ត្រូវ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បង‌ល​ព្រះ‌អង្គ នៅ​ម៉ាសា​នោះ​ឡើយ។

17. ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​ច្បាប់ ដែល​ព្រះ‌អង្គ​បាន​បង្គាប់។

18. ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត និង​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​កាន់​កាប់​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​បុព្វបុរស​របស់​អ្នក​ថា នឹង​ប្រទាន​ដល់​អ្នក

19. ដោយ​បណ្ដេញ​ខ្មាំង​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក។

20. នៅ​ថ្ងៃ​មុខ ប្រសិន​បើ​កូន​របស់​អ្នក​សួរ​ថា: តើ​ដំបូន្មាន ច្បាប់ និង​វិន័យ​ទាំង‌ឡាយ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក​យើង​នេះ មាន​ន័យ​ដូច​ម្ដេច?

21. អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះចៅ​ផារ៉ោន​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

22. ព្រះ‌អម្ចាស់​បាន​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​យ៉ាង​សំបើម​អស្ចារ្យ ឲ្យ​យើង​ឃើញ ដើម្បី​កម្ទេច​ព្រះចៅ​ផារ៉ោន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច។

23. ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ មក​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ថា​នឹង​ប្រគល់​មក​ឲ្យ​យើង។

24. ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​យើង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​នេះ ព្រម​ទាំង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​មាន​សុភមង្គល​ជា​រៀង​រាល់​ថ្ងៃ និង​ឲ្យ​ព្រះ‌អង្គ​ថែ‌រក្សា​អាយុ​ជីវិត​របស់​យើង ដូច​ព្រះ‌អង្គ​ថែ‌រក្សា​នៅ​ថ្ងៃ​នេះ។

25. យើង​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក ដើម្បី​ឲ្យ​យើង​បាន​សុចរិត ហើយ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង»។