គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 5:8-20 Khmer Standard Version (KHSV)

8. មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។

9. មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ

10. ផ្ទុយ​ទៅ​វិញ យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង។

11. មិន​ត្រូវ​យក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​អត់‌អោន​ឲ្យ​អ្នក​ដែល​យក​ព្រះ‌នាម​របស់​ព្រះ‌អង្គ ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។

12. ចូរ​គោរព​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ដល់​អ្នក។

13. អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ​សម្រាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ

14. តែ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​គោ ទាំង​លា ទាំង​ហ្វូង​សត្វ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ ត្រូវ​ឲ្យ​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក​បាន​សម្រាក​ដូច​អ្នក​ដែរ។

15. អ្នក​ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ទី​នោះ ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​គោរព​ថ្ងៃ​សប្ប័ទ។

16. ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ និង​មាន​សុភមង្គល នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​ប្រទាន​ដល់​អ្នក។

17. កុំ​សម្លាប់​មនុស្ស។

18. កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

19. កុំ​លួច​ប្លន់​គេ។

20. កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 5