គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 5:19-29 Khmer Standard Version (KHSV)

19. កុំ​លួច​ប្លន់​គេ។

20. កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។

21. កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ កុំ​ប៉ង‌ប្រាថ្នា​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ ឬ​ក៏​ចង់​បាន​ស្រែ​ចម្ការ អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​របស់​អ្វី​ផ្សេង​ទៀត​របស់​គេ​ឡើយ”។

22. នេះ​ហើយ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ក្រុម‌ជំនុំ​ទាំង​មូល ដោយ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក* និង​អ័ព្ទ។ ព្រះ‌អង្គ​ពុំ​មាន​ព្រះ‌បន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ព្រះ‌អង្គ​បាន​ចារ​ព្រះ‌បន្ទូល​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​ឲ្យ​ខ្ញុំ។

23. ក្រោយ​ពី​បាន​ឮ​ព្រះ‌សូរសៀង​ពី​ទី​ងងឹត ក្នុង​ពេល​ភ្លើង​កំពុង​តែ​ឆាប‌ឆេះ​ភ្នំ​នោះ មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជិត​ខ្ញុំ

24. ហើយ​ពោល​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុងរឿង និង​ភាព​ឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន។

25. ហេតុ​នេះ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​ឡើយ ដ្បិត​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នោះ​នឹង​ឆាប‌ឆេះ​យើង​ខ្ញុំ។ ប្រសិន​បើ​យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ត​ទៅ​មុខ​ទៀត យើង​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន។

26. មិន​ដែល​មាន​មនុស្ស​ណា​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ពី​ក្នុង​ភ្លើង ដូច​យើង​ខ្ញុំ​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឡើយ។

27. ដូច្នេះ សូម​លោក​ចូល​ទៅ​ជិត​ព្រះ‌អង្គ ហើយ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​មាន​ព្រះ‌បន្ទូល រួច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មក​ប្រាប់​យើង​ខ្ញុំ​ផង។ យើង​ខ្ញុំ​នឹង​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ប្រតិបត្តិ​តាម”។

28. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ពោល​មក​កាន់​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “យើង​បាន​ឮ​ពាក្យ​ដែល​ប្រជា‌ជន​ពោល​មក​កាន់​អ្នក​ហើយ អ្វីៗ​ដែល​ពួក​គេ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ។

29. ប្រសិន​បើ​ពួក​គេ​មាន​ចិត្ត​កោត​ខ្លាច​យើង​រហូត ហើយ​គោរព​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ មុខ​ជា​មាន​សុភមង្គល​ដរាប​ត​រៀង​ទៅ!

សូមអានជំពូកពេញលេញ ទុតិយ‌កថា 5