គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 4:38-49 Khmer Standard Version (KHSV)

38. ព្រះ‌អង្គ​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក ដើម្បី​ឲ្យ​អ្នក​ចូល​កាន់​កាប់​ស្រុក​របស់​គេ ហើយ​ព្រះ‌អង្គ​ប្រគល់​ស្រុក​នោះ​មក​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។

39. ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។

40. អ្នក​ត្រូវ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ក្នុង​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល គឺ​ទាំង​អ្នក​ទាំង​កូន​ចៅ​របស់​អ្នក ហើយ​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រហូត​ត​ទៅ»។

41. ពេល​នោះ លោក​ម៉ូសេ​បាន​ញែក​ក្រុង​បី នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដោយ​ឡែក

42. ធ្វើ​ជា​ក្រុង​ជម្រក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន គឺ​អ្នក​ដែល​បាន​សម្លាប់​គេ ដោយ​គ្មាន​ចិត្ត​ស្អប់​ពី​មុន អាច​រត់​ភៀស​ខ្លួន​មក​ជ្រក​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​បី ដើម្បី​បាន​រួច​ជីវិត។

43. ក្រុង​ទាំង​នោះ​គឺ: ក្រុង​បេស៊ើរ នៅ​វាល​រហោ‌ស្ថាន​នៃ​ខ្ពង់​រាប​ក្នុង​ទឹក​ដី​រូបេន ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ក្នុង​ទឹក​ដី​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​ក្នុង​ទឹក​ដី​ម៉ាណា‌សេ។

44. នេះ​ជា​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។

45. លោក​ម៉ូសេ​បាន​ប្រកាស​អំពី​ដំបូន្មាន ច្បាប់ និង​វិន័យ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប

46. នា​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​នឹង​បេត‌ពេ‌អរ គឺ​នៅ​ស្រុក​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្រុង​ហែស‌បូន។ លោក​ម៉ូសេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​វាយ​ប្រហារ​ស្ដេច​នេះ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប

47. ហើយ​ដណ្ដើម​យក​ទឹក​ដី​របស់​ស្ដេច​នេះ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន មក​កាន់​កាប់។ ពី​មុន ស្ដេច​ទាំង​ពីរ​អង្គ​របស់​ជន‌ជាតិ​អាម៉ូរី​គ្រប់‌គ្រង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់

48. ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ស៊ីអូន ដែល​មាន​ឈ្មោះ​ថា​ភ្នំ​ហ៊ើរ‌ម៉ូន

49. វាល​ទំនាប​អារ៉ា‌បា​ទាំង​មូល ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ដែល​នៅ​ជើង​ភ្នំ​ពីសកា។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 4