គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 4:23-34 Khmer Standard Version (KHSV)

23. ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បំភ្លេច​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ចង​ជា​មួយ​អ្នក​ឲ្យ​សោះ។ កុំ​ធ្វើ​រូប​ចម្លាក់ ឬ​រូប​តំណាង​អ្វី​មួយ ផ្ទុយ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ហាម​ឡើយ

24. ដ្បិត​ព្រះ‌អម្ចាស់ ព្រះ​របស់​អ្នក ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ព្រះ‌អង្គ​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ជា​ដាច់​ខាត។

25. ពេល​ណា​អ្នក​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ អ្នក​រាល់​គ្នា​នឹង​បង្កើត​កូន​ចៅ​តៗ​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​បណ្ដោយ​ខ្លួន ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​រូប​តំណាង​អ្វីៗ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ

26. ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​បាត់​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ ដោយ​ការ​ស្លាប់​យ៉ាង​ទាន់‌ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​មាន​អាយុ​វែង​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទាំង​អស់​គ្នា។

27. ព្រះ‌អម្ចាស់​នឹង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន‌ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែលព្រះ‌អម្ចាស់​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។

28. នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ​ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស ជា​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ មិន​ចេះ​បរិភោគ ហើយ​ក៏​មិន​ដឹង​អ្វី​ទាំង​អស់។

29. នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះ‌អង្គ​មិន​ខាន។

30. នៅ​ពេល​ខាង​មុខ កាល​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ហើយ​អ្នក​រង​ទុក្ខ​លំបាក អ្នក​នឹង​វិល​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​វិញ អ្នក​នឹង​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ

31. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​បំផ្លាញ​អ្នក​ដែរ។ ព្រះ‌អង្គ​នឹក​ឃើញ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក​ជា‌និច្ច»។

32. «ចូរ​សាក​សួរ​មើល​ចុះ ថា​តើ​នៅ​ជំនាន់​ដើម គឺ​តាំង​ពី​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​នៅ​លើ​ផែនដី​នេះ ហើយ​ចាប់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត តើ​ធ្លាប់​មាន​ព្រឹត្តិ‌ការណ៍​ដ៏​អស្ចារ្យ​បែប​នេះ ឬ​ក៏​មាន​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​ដ៏​ចម្លែក​បែប​នេះ​ទេ?

33. តើ​មាន​ជាតិ​សាសន៍​មួយ​ណា​ធ្លាប់​បាន​ឮ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ភ្លើង​ដូច​អ្នក​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឬ​ទេ?

34. តើ​ដែល​មាន​ព្រះ​ណា​ខិត‌ខំ​រំដោះ​ប្រជា‌ជាតិ​មួយ​ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សម្គាល់ ឫទ្ធិ‌បាដិ‌ហារិយ៍ ហើយ​ប្រយុទ្ធ​ជំនួស​គេ​ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​គួរ​ស្ញែង​ខ្លាច ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប ឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?

សូមអានជំពូកពេញលេញ ទុតិយ‌កថា 4