គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 4:22-27 Khmer Standard Version (KHSV)

22. ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រដាន់​ទេ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នោះ។

23. ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បំភ្លេច​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ចង​ជា​មួយ​អ្នក​ឲ្យ​សោះ។ កុំ​ធ្វើ​រូប​ចម្លាក់ ឬ​រូប​តំណាង​អ្វី​មួយ ផ្ទុយ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ហាម​ឡើយ

24. ដ្បិត​ព្រះ‌អម្ចាស់ ព្រះ​របស់​អ្នក ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ព្រះ‌អង្គ​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ជា​ដាច់​ខាត។

25. ពេល​ណា​អ្នក​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ អ្នក​រាល់​គ្នា​នឹង​បង្កើត​កូន​ចៅ​តៗ​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​បណ្ដោយ​ខ្លួន ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​រូប​តំណាង​អ្វីៗ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ

26. ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​បាត់​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ ដោយ​ការ​ស្លាប់​យ៉ាង​ទាន់‌ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​មាន​អាយុ​វែង​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទាំង​អស់​គ្នា។

27. ព្រះ‌អម្ចាស់​នឹង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន‌ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែលព្រះ‌អម្ចាស់​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 4