គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 4:10-20 Khmer Standard Version (KHSV)

10. ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​គាល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​ភ្នំ​ហោរែប គឺ​នៅ​ថ្ងៃ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជា‌ជន​ឲ្យ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​ឲ្យ​ពួក​គេ​ឮ​ព្រះ‌បន្ទូល​របស់​យើង ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​ឲ្យ​ពួក​គេ​បង្រៀន​ព្រះ‌បន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។

11. អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ជិត​ភ្នំ ហើយ​ឈរ​នៅ​ជើង​ភ្នំ។ ពេល​នោះ មាន​ភ្លើង​ឆាប‌ឆេះ​ភ្នំ អណ្ដាត​ភ្លើង​នេះ​ឡើង​ទៅ​ដល់​អាកាស‌វេហាស៍ មាន​ភាព​ងងឹត មាន​ពពក និង​អ័ព្ទ។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ភ្លើង​នោះ​មក​កាន់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះ‌អង្គ​មាន​ភិន‌ភាគ​ដូច​ម្ដេច​ឡើយ គឺ​ឮ​តែ​ព្រះ‌សូរសៀង​ប៉ុណ្ណោះ។

13. ព្រះ‌អង្គ​បាន​បង្ហាញ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ដល់​អ្នក​រាល់​គ្នា គឺ​ព្រះ‌អង្គ​ប្រទាន​បទ‌បញ្ជា​ទាំង​ដប់​ប្រការ​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ ព្រះ‌អង្គ​បាន​ចារ​ច្បាប់ និង​វិន័យ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។

14. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​អំពី​ច្បាប់ និង​វិន័យ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់»។

15. «នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​ភ្នំ​ហោរែប អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះ‌អង្គ​មាន​ភិន‌ភាគ​បែប​ណា​ឡើយ ហេតុ​នេះ តោង​ប្រយ័ត្ន​ស្មារតី

16. ក្រែង​លោ​អ្នក​រាល់​គ្នា​បណ្ដាល​ឲ្យ​ខ្លួន​មាន​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ​ជា​រូប​តំណាង​ព្រះ​ណា​មួយ ទោះ​បី​ជា​រូប​មនុស្ស​ប្រុស​ស្រី

17. រូប​សត្វ​នៅ​លើ​ដី ឬ​សត្វ​ស្លាប​ហើរ​នៅ​លើ​មេឃ

18. រូប​សត្វ​លូន​វារ ឬ​រូប​ត្រី​នៅ​ក្នុង​ទឹក។

19. ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំង‌ឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​នោះ។

20. ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ព្រះ‌អម្ចាស់​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទាស‌ភាព​នៅ​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​សព្វ​ថ្ងៃ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 4