1. «ឥឡូវនេះ អ៊ីស្រាអែលអើយ ចូរស្ដាប់ ហើយប្រតិបត្តិតាមច្បាប់ និងវិន័យផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។
2. មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។
3. អ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលព្រះអម្ចាស់បានធ្វើ នៅគ្រាដែលប្រជាជនប្រព្រឹត្តអំពើបាបជាមួយព្រះបាល-ពេអរ។ ព្រះអម្ចាស់ប្រហារមនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ដែលបានចូលរួមថ្វាយបង្គំព្រះបាល-ពេអរ
4. ចំណែកឯអ្នករាល់គ្នាដែលស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នានៅរស់រានរហូតមកទល់សព្វថ្ងៃ។