គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 32:27-42 Khmer Standard Version (KHSV)

27. ប៉ុន្តែ យើង​នឹង​បារម្ភក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំហើយ​ចំអក និង​ប្រមាថ​មើល‌ងាយ​យើងដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែគឺ​មិន​មែន​ព្រះ‌អម្ចាស់​ទេ​ដែល​សម្រេច​ការ​នេះ”។

28. អ៊ីស្រា‌អែល​ជា​ប្រជា‌ជាតិ​ឥត​ដឹង​ខុស​ត្រូវពួក​គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។

29. ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញានោះ​ពួក​គេ​មុខ​ជា​ពិចារណា ហើយ​យល់​ថានៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។

30. ប្រសិន​បើ​ព្រះ‌អម្ចាស់ ដែល​ជា​ថ្ម‌ដា​របស់​ពួក​គេមិន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ​ទេ​នោះតើ​ខ្មាំង​សត្រូវ​តែ​ម្នាក់​អាច​ដេញ​តាមអ៊ីស្រា‌អែល​ដល់​ទៅ​មួយ​ពាន់​នាក់ហើយ​ខ្មាំង​សត្រូវ​តែ​ពីរ​នាក់​អាច​ធ្វើ​ឲ្យអ៊ីស្រា‌អែល​មួយ​ម៉ឺន​នាក់​បាក់​ទ័ព​កើត​ឬ?

31. ប៉ុន្តែ ខ្មាំង​សត្រូវ​របស់​យើង​ដឹង​ស្រាប់​ហើយ​ថាព្រះ​ដែល​ជា​ថ្ម‌ដា​របស់​ពួក​គេពុំ​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌ជាម្ចាស់ដែល​ជា​ថ្ម‌ដា​របស់​យើង​ឡើយ។

32. ចំណែក​ឯ​ពួក​គេ​វិញ ពួក​គេ​ប្រៀប​ដូច​ជាអ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ាហើយ​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរដែល​មាន​ផ្លែ​ល្វីង និង​មាន​ជាតិ​ពុល។

33. ស្រា​ទំពាំង‌បាយជូរ​របស់​ពួក​គេប្រៀប​ដូច​ជា​ពិស​របស់​នាគនិង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។

34. យើង​រៀបចំ​គម្រោង‌ការ​មួយ​ដ៏​លាក់​កំបាំងដែល​យើង​បម្រុង​ទុក ប្រឆាំង​នឹង​ពួក​គេ។

35. ការ​សង‌សឹក​ស្រេច​តែ​លើ​យើងយើង​នឹង​តប​ទៅ​ពួក​គេ​វិញនៅ​ពេល​ពួក​គេ​ជំពប់​ដួល!ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយថ្ងៃ‌អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។

36. ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​អាណិត​អាសូរ​អ្នក​បម្រើ​របស់​ព្រះ‌អង្គនៅ​ពេល​ព្រះ‌អង្គ​ទត​ឃើញ​ពួក​គេ​អស់​កម្លាំងដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។

37. ព្រះ‌អង្គ​នឹង​សួរ​ពួក​គេ​ថា“តើ​ព្រះ​របស់​អ្នក​រាល់​គ្នាគឺ​ព្រះ​ដែល​អ្នក​រាល់​គ្នា​ទុក​ជា​ថ្ម‌ដាដើម្បី​ពឹង​ផ្អែក​នោះ នៅ​ឯ​ណា?

38. អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជានិង​ពិធី​ច្រួច‌ស្រា​សែន​ព្រះ​ទាំង​នោះបើ​ព្រះ​ទាំង​នោះ​ចេះ​សេព‌សោយ​មែនឲ្យ​ពួក​គេ​ក្រោក​ឡើងជួយ​សង្គ្រោះ និង​ការពារ​អ្នក​រាល់​គ្នា​ទៅ!

39. ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថាមាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។យើង​ផ្ដល់​ជីវិត និង​ដក​ជីវិតយើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញគ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​ទេ។

40. យើង​លើក​ដៃ​ឆ្ពោះ​ទៅ​លើ​មេឃហើយ​សច្ចា​ក្នុង​នាម​យើងដែល​ជា​ព្រះ​គង់​នៅ​អស់‌កល្ប​ជា‌និច្ច​ថា:

41. យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោងដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់គឺ​យើង​តទល់​នឹង​បច្ចា‌មិត្ត​របស់​យើងហើយ​សង‌សឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។

42. យើង​នឹង​ធ្វើ​ឲ្យ​ព្រួញ​របស់​យើងជោក​ដោយ​ឈាមដាវ​របស់​យើង​ចាក់​ទម្លុះ​សាច់​របស់​ខ្មាំង​សត្រូវគ្មាន​ទាហាន​ណា​ម្នាក់​របស់​ពួក​គេគេច​ផុត​ពី​មុខ​ដាវ​នេះ​បាន​ឡើយគឺ​ទាំង​អ្នក​របួស ទាំង​អ្នក​ជាប់​ជា​ឈ្លើយនឹង​ត្រូវ​វិនាស​ដូច​គ្នា”។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 32