គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 31:23-30 Khmer Standard Version (KHSV)

23. ព្រះ‌អម្ចាស់​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ថា​ប្រគល់​ឲ្យ​ពួក​គេ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។

24. ពេល​លោក​ម៉ូសេ​សរសេរ​ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រឹត្យ‌វិន័យ​នេះ​ទុក​ក្នុង​គម្ពីរ ចប់​សព្វ​គ្រប់​ហើយ

25. លោក​បង្គាប់​ពួក​លេវី​ដែល​មាន​ភារ‌កិច្ច​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ថា៖

26. «ចូរ​យក​ក្រឹត្យ‌វិន័យ​នេះ​ទៅ​ទុក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ គម្ពីរ​នេះ​ជា​បន្ទាល់​ទាស់​នឹង​អ្នក

27. ដ្បិត​ខ្ញុំ​ដឹង​ថា​អ្នក​មាន​គំនិត​បះ‌បោរ និង​មាន​ចិត្ត​រឹង‌រូស។ ពេល​ខ្ញុំ​នៅ​រស់ អ្នក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​ស្លាប់ តើ​អ្នក​នឹង​បះ‌បោរ​យ៉ាង​ណា​ទៅ​ទៀត!

28. ចូរ​ប្រមូល​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​នៃ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​មេ​ក្រុម​ឲ្យ​មក​ជួប​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ។ ខ្ញុំ​ក៏​យក​មេឃ និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ​ដែរ

29. ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ រហូត​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។

30. លោក​ម៉ូសេ​បាន​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចម្រៀង​នេះ ឲ្យ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ដាប់ រហូត​ដល់​ចប់។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 31