គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 31:10-22 Khmer Standard Version (KHSV)

10. លោក​ម៉ូសេ​បង្គាប់​ដល់​ពួក​គេ​ដូច​ត​ទៅ៖ «ប្រាំ‌ពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល ក្នុង​ឱកាស​បុណ្យ​បារាំ

11. ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស ចូរ​អាន​ក្រឹត្យ‌វិន័យ​នេះ​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ឮ។

12. ត្រូវ​ប្រមូល​ប្រជា‌ជន ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ដើម្បី​ឲ្យ​ពួក​គេ​ឮ​ក្រឹត្យ‌វិន័យ​នេះ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាន់ និង​អនុវត្ត​តាម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។

13. ចំណែក​ឯ​កូន​ចៅ​របស់​គេ​ដែល​ពុំ​ស្គាល់​គម្ពីរ‌វិន័យ​នេះ ក៏​នឹង​បាន​ឮ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ក្នុង​ពេល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស្វេ»។ លោក​ម៉ូសេ និង​លោក​យ៉ូស្វេ នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

15. ពេល​នោះ ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​លោក​ទាំង​ពីរ​ឃើញ​ក្នុង​ដុំ​ពពក នៅ​ក្នុង​ពន្លា។ ដុំ​ពពក​នោះ​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា។

16. ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជា‌ជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង ដោយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។

17. នៅ​ថ្ងៃ​នោះ កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ​ទៅ​លើ​ពួក​គេ យើង​នឹង​បោះ​បង់​ចោល​ពួក​គេ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទៀត​ហើយ។ ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ពួក​គេ ទុក្ខ​វេទនា និង​គ្រោះ‌អាសន្ន​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ។ ពេល​នោះ ពួក​គេ​មុខ​ជា​ពោល​ថា “ទុក្ខ​វេទនា​កើត​មាន​ដល់​ខ្ញុំ​ដូច្នេះ មក​ពី​ព្រះ​របស់​ខ្ញុំ​លែង​គង់​នៅ​ជា​មួយ​ខ្ញុំ!”។

18. នៅ​ថ្ងៃ​នោះ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទាំង​ស្រុង ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បែរ​ទៅ​គោរព​ព្រះ​ឯ​ទៀតៗ។

19. ចូរ​សរសេរ​បទ​ចម្រៀង​នេះ​ទុក ព្រម​ទាំង​បង្រៀន​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចេះ​ច្រៀង ហើយ​ឲ្យ​បទ​ចម្រៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

20. យើង​នឹង​នាំ​ជន‌ជាតិ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​យើង ហើយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង។

21. នៅ​ពេល​មហន្ត‌រាយ និង​ទុក្ខ​វេទនា​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ បទ​ចម្រៀង​នេះ​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ សូម្បី​តែ​ពូជ‌ពង្ស​របស់​ពួក​គេ​ក៏​ចេះ​ច្រៀង​បទ​នេះ​ដែរ។ មុន​ពេល​យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ថា​ប្រគល់​ឲ្យ​ពួក​គេ យើង​ដឹង​ជា​មុន​ថា ចិត្ត​របស់​ពួក​គេ​ប្រែ‌ប្រួល»។

22. នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សរសេរ​បទ​ចម្រៀង​នេះ ហើយ​បង្រៀន​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 31