គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 31:1-8 Khmer Standard Version (KHSV)

1. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ទៀត​ថា៖

2. «ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​ពុំ​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឡើយ។

3. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​យាង​នៅ​មុខ​អ្នក ព្រះ‌អង្គ​នឹង​បំផ្លាញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្ដើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល។

4. ព្រះ‌អម្ចាស់​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​នោះ ដូច​ព្រះ‌អង្គ​បាន​កម្ទេច​ស៊ីហុន និង​អុក​ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ព្រម​ទាំង​ស្រុក​របស់​គេ។

5. ព្រះ‌អម្ចាស់​នឹង​ប្រគល់​ប្រជា‌ជាតិ​ទាំង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។

6. ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់​ផ្ទាល់ ជា​ព្រះ​របស់​អ្នក នឹង​យាង​ទៅ​ជា​មួយ​អ្នក។ ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។

7. លោក​ម៉ូសេ​ហៅ​លោក​យ៉ូស្វេ​មក ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង! ដ្បិត​អ្នក​ត្រូវ​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ចំពោះ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ អ្នក​ត្រូវ​នាំ​ប្រជា‌ជន​នេះ​ទៅ​កាន់​កាប់​ទឹក​ដី ជា​ចំណែក​មត៌ក​របស់​ពួក​គេ។

8. ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​នៅ​មុខ​អ្នក ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​អ្នក ហើយ​ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ហេតុ​នេះ កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 31