1. លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលទៀតថា៖
2. «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។
3. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងយាងនៅមុខអ្នក ព្រះអង្គនឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឲ្យអ្នកដណ្ដើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នក ដូចព្រះអម្ចាស់មានព្រះបន្ទូល។
4. ព្រះអម្ចាស់នឹងកម្ទេចប្រជាជាតិទាំងនោះ ដូចព្រះអង្គបានកម្ទេចស៊ីហុន និងអុកជាស្ដេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។
5. ព្រះអម្ចាស់នឹងប្រគល់ប្រជាជាតិទាំងនោះមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេ តាមបញ្ជាដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។
6. ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាព្រះរបស់អ្នក នឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
7. លោកម៉ូសេហៅលោកយ៉ូស្វេមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ។ ដូច្នេះ អ្នកត្រូវនាំប្រជាជននេះទៅកាន់កាប់ទឹកដី ជាចំណែកមត៌ករបស់ពួកគេ។
8. ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នក ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។
9. លោកម៉ូសេបានសរសេរក្រឹត្យវិន័យនេះប្រគល់ជូនពួកបូជាចារ្យ ជាកូនចៅលេវី ដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ហើយលោកក៏ប្រគល់ជូនលោកព្រឹទ្ធាចារ្យ*ទាំងអស់នៃជនជាតិអ៊ីស្រាអែលដែរ។
10. លោកម៉ូសេបង្គាប់ដល់ពួកគេដូចតទៅ៖ «ប្រាំពីរឆ្នាំម្ដង គឺនៅឆ្នាំដែលត្រូវលុបបំណុល ក្នុងឱកាសបុណ្យបារាំ
11. ពេលជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស ចូរអានក្រឹត្យវិន័យនេះនៅមុខជនជាតិអ៊ីស្រាអែលទាំងអស់ ដើម្បីឲ្យពួកគេបានឮ។
12. ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីឲ្យពួកគេឮក្រឹត្យវិន័យនេះ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងកាន់ និងអនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រឹត្យវិន័យនេះ។
13. ចំណែកឯកូនចៅរបស់គេដែលពុំស្គាល់គម្ពីរវិន័យនេះ ក៏នឹងបានឮ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្នុងពេលអ្នករាល់គ្នារស់នៅលើទឹកដី ដែលអ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
14. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះ ជិតដល់ថ្ងៃដែលអ្នកត្រូវស្លាប់ហើយ។ ចូរហៅយ៉ូស្វេមក ហើយអ្នកទាំងពីរត្រូវឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ យើងនឹងចេញបញ្ជាដល់យ៉ូស្វេ»។ លោកម៉ូសេ និងលោកយ៉ូស្វេ នាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
15. ពេលនោះ ព្រះអម្ចាស់លេចមកឲ្យលោកទាំងពីរឃើញក្នុងដុំពពក នៅក្នុងពន្លា។ ដុំពពកនោះស្ថិតនៅមាត់ទ្វារពន្លា។
16. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើង ដោយផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។