គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 30:4-13 Khmer Standard Version (KHSV)

4. ទោះ​បី​គេ​កៀរ​អ្នក​ទៅ​ដល់​ជើង​មេឃ​ក្ដី ក៏​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រមូល​អ្នក​នាំ​យក​មក​វិញ​ដែរ។

5. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​វិល​ត្រឡប់​មក​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​ដូនតា​អ្នក។ អ្នក​នឹង​កាន់​កាប់​ស្រុក​នេះ ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​អំណរ​សប្បាយ ហើយ​កើន​ចំនួន​ច្រើន​លើស​ដូនតា​របស់​អ្នក​ទៅ​ទៀត។

6. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ថ្វាយ​ចិត្ត​គំនិត​ដល់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។

7. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​បណ្ដាសា​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល​ស្អប់ និង​បៀត‌បៀន​អ្នក។

8. រីឯ​អ្នក​វិញ អ្នក​នឹង​វិល​មក​រក​ព្រះ‌អម្ចាស់ ហើយ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។

9. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន ហ្វូង​សត្វ​របស់​អ្នក​នឹង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ដី​របស់​អ្នក​ក៏​បង្កើត​ភោគ‌ផល​យ៉ាង​ច្រើន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ឲ្យ​អ្នក​មាន​សុភមង្គល ដូច​ដូនតា​របស់​អ្នក។

10. ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ដោយ​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ត្រូវ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។

11. បទ‌បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​របស់​អ្នក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ដែរ។

12. បទ‌បញ្ជា​នេះ​មិន​មែន​ស្ថិត​នៅ​លើ​មេឃ បណ្ដាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឡើង​ទៅ​លើ​មេឃ​យក​បទ‌បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។

13. បទ‌បញ្ជា​នេះ​ក៏​មិន​ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្ដាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ‌បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 30