គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 3:14-29 Khmer Standard Version (KHSV)

14. អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​ជន‌ជាតិ​កេស៊ូ‌រី និង​ម៉ាកា‌ធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត-‌យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។

15. ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​ទៅ​ឲ្យ​អំបូរ​ម៉ាគារ

16. ចំណែក​ឯ​កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ​វិញ ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​មួយ​ចំណែក​ទៀត​ឲ្យ​ពួក​គេ។ ទឹក​ដី​របស់​ពួក​គេ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ស្ទឹង​អើណូន ដែល​ជា​ព្រំ‌ប្រទល់ ហើយ​វាត​រហូត​ដល់​ស្ទឹង​យ៉ាបុក នៅ​ជាប់​នឹង​ទល់​ដែន​ស្រុក​អាំម៉ូន

17. ព្រម​ទាំង​វាល​អារ៉ា‌បា ដែល​នៅ​ជាប់​នឹង​ទន្លេ​យ័រដាន់ ចាប់​ពី​គេនេ‌សារ៉ែត រហូត​ដល់​សមុទ្រ​អារ៉ា‌បា គឺ​សមុទ្រ​អំបិល ដែល​នៅ​ខាង​កើត​ជើង​ភ្នំ​ពីសកា។

18. នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រគល់​ស្រុក​នេះ​មក​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ហើយ។ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ទាហាន​ដ៏​អង់‌អាច ត្រូវ​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា។

19. ត្រូវ​ទុក​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុង​នានា​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា -ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​មាន​ហ្វូង​សត្វ​ដ៏​ច្រើន។

20. ពេល​ណា​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា បាន​សម្រាក​ដូច​អ្នក​រាល់​គ្នា​ដែរ​នោះ គឺ​ពេល​ពួក​គេ​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​ពួក​គេ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ពេល​នោះ ទើប​អ្នក​រាល់​គ្នា​វិល​ទៅ​កាន់​ទឹក​ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​វិញ”។

21. នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ទៅ​លោក​យ៉ូស្វេ​ថា “អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក អំពី​ការ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ទាំង​ពីរ​នេះ​ស្រាប់​ហើយ ព្រះ‌អម្ចាស់​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​នគរ​ទាំង​ប៉ុន្មាន​ទៀត ដែល​អ្នក​ត្រូវ​ទៅ​វាយ​យក​យ៉ាង​នោះ​ដែរ។

22. កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​ច្បាំង​ដើម្បី​អ្នក​រាល់​គ្នា”»។

23. «នៅ​គ្រា​នោះ ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា:

24. “បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​បាន​ចាប់​ផ្ដើម​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឃើញ​ភាព​ឧត្ដុង្គ‌ឧត្ដម និង​ឫទ្ធិ​បារមី​របស់​ព្រះ‌អង្គ ដ្បិត​គ្មាន​ព្រះ​ណា​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី អាច​សម្តែង​ការ​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដូច​ព្រះ‌អង្គ​ទេ។

25. សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ឆ្លង​ទៅ​មើល​ស្រុក​ដ៏​ល្អ នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ ព្រម​ទាំង​ភ្នំ​ដ៏​ស្អាតៗ និង​ព្រៃ​លីបង់​ផង”។

26. ក៏​ប៉ុន្តែ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រះ‌អង្គ​ពុំ​អនុញ្ញាត​តាម​ពាក្យ​ទូល​សូម​របស់​ខ្ញុំ​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ប៉ុណ្ណឹង​បាន​ហើយ មិន​បាច់​និយាយ​ជា​មួយ​យើង​ពី​រឿង​នេះ​ទៀត​ទេ។

27. ចូរ​ឡើង​ទៅ​លើ​ភ្នំ​ពីសកា ហើយ​ក្រឡេក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត។ អ្នក​មើល​ឃើញ​ស្រុក​នោះ តែ​អ្នក​មិន​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ចូល​ទៅ​ឡើយ។

28. ចូរ​ចេញ​បញ្ជា​ទៅ​យ៉ូស្វេ ចូរ​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ក្លា‌ហាន ដ្បិត​យ៉ូស្វេ​នឹង​នាំ​មុខ​ប្រជា‌ជន​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ចែក​ទឹក​ដី​ដែល​អ្នក​មើល​ឃើញ​នេះ ឲ្យ​ពួក​គេ​ទុក​ជា​កេរ‌មត៌ក”។

29. ពួក​យើង​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​បេត-‌ពេអរ»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 3