គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 29:6-23 Khmer Standard Version (KHSV)

6. ពេល​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែស‌បូន និង​អុក​ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ចេញ​មក​វាយ​ប្រហារ​ពួក​យើង តែ​ពួក​យើង​យក​ជ័យ‌ជំនះ​លើ​ពួក​គេ។

7. ពួក​យើង​ដណ្ដើម​យក​បាន​ស្រុក​របស់​ពួក​គេ ហើយ​ប្រគល់​ស្រុក​នេះ​ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​ចំណែក​មត៌ក។

8. ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ជោគ​ជ័យ ក្នុង​គ្រប់​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។

9. ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​ចូល​មក​ជិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មាន​ទាំង​មេ​ដឹក​នាំ មាន​ទាំង​កុល‌សម្ព័ន្ធ ក្រុម​ព្រឹទ្ធា‌ចារ្យ ពួក​មេ‌ទ័ព ប្រុសៗ​ទាំង​អស់

10. រួម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ស្ត្រីៗ ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​អ្នក​ពុះ​អុស​រហូត​ដល់​អ្នក​រែក​ទឹក។

11. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។

12. ធ្វើ​ដូច្នេះ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​អ្នក និង​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក។

13. ព្រះ‌អម្ចាស់​មិន​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដែល​បាន​សច្ចា​ថា​អនុវត្ត​តាម​ប៉ុណ្ណោះ​ទេ

14. គឺ​ព្រះ‌អង្គ​ចង​ជា​មួយ​អស់​អ្នក ដែល​មាន​មុខ​ជា​មួយ​ពួក​យើង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ទី​នេះ ក្នុង​ថ្ងៃ​នេះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​ទាន់​កើត​ដែរ។

15. អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​របៀប​ណា ហើយ​យើង​ឆ្លង​កាត់​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​របៀប​ណា។

16. អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​បដិមា​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ឬ​ពី​ប្រាក់ និង​មាស​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។

17. ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ប្រុស​ក្ដី ស្ត្រី​ក្ដី ឬ​អំបូរ​ណា​មួយ ឬ​កុល‌សម្ព័ន្ធ​ណា​មួយ​ក្ដី បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ថ្ងៃ​នេះ ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​នានា​របស់​ប្រជា‌ជាតិ​ទាំង​នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្លាយ​ទៅ​ជា​ឫស​គល់​ដែល​បង្ក​ជាតិ​ពុល​ល្វីង​ជូរ​ចត់​ឡើយ។

18. ក្រោយ​ពី​បាន​ឮ​ពាក្យ​សច្ចា​ដ៏​ឱឡា‌រិក​នេះ​ហើយ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អំនួត​ពោល​ថា “ទោះ​បី​ខ្ញុំ​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្ញុំ​ក្ដី ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​សុខ​ជា‌និច្ច”។ គំនិត​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​អន្តរាយ​ទាំង​អស់​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។

19. ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​អត់‌ទោស​ឲ្យ​មនុស្ស​បែប​នេះ​ទេ ផ្ទុយ​ទៅ​វិញ ព្រះ‌ពិរោធ និង​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះ‌អម្ចាស់ មុខ​ជា​ឆាប‌ឆេះ​គេ បណ្ដាសា​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ក៏​នឹង​កើត​មាន​ដល់​គេ ហើយ​ព្រះ‌អម្ចាស់​នឹង​លុប​បំបាត់​ឈ្មោះ​គេ​ពី​ផែនដី​នេះ។

20. ព្រះ‌អម្ចាស់​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​រង​ទុក្ខ​វេទនា ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន​នៃ​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​វិន័យ​នេះ។

21. កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែល​កើត​នៅ​ជំនាន់​ក្រោយ ព្រម​ទាំង​ជន​បរទេស​មក​ពី​ស្រុក​ឆ្ងាយ មុខ​ជា​ឃើញ​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ​ដែល​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​ចំពោះ​ស្រុក​នេះ ពួក​គេ​នឹង​ពោល​ថា:

22. “ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆាប‌ឆេះ ហើយ​មាន​តែ​ស្ពាន់‌ធ័រ និង​អំបិល គ្មាន​នរណា​អាច​សាប​ព្រោះ គ្មាន​ដំណាំ​អ្វី​ដុះ សូម្បី​តែ​ស្មៅ​ក៏​គ្មាន​ផង គឺ​ស្រុក​នោះ​ប្រៀប​ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម ដែល​ព្រះ‌អម្ចាស់​បំផ្លាញ ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា”។

23. ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ខ្ញាល់​យ៉ាង​ខ្លាំង​បែប​នេះ?”។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 29