13. ព្រះអម្ចាស់មិនគ្រាន់តែចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដែលបានសច្ចាថាអនុវត្តតាមប៉ុណ្ណោះទេ
14. គឺព្រះអង្គចងជាមួយអស់អ្នក ដែលមានមុខជាមួយពួកយើង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់យើង នៅទីនេះ ក្នុងថ្ងៃនេះ ព្រមទាំងអស់អ្នកដែលមិនទាន់កើតដែរ។
15. អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅក្នុងស្រុកអេស៊ីបរបៀបណា ហើយយើងឆ្លងកាត់ស្រុករបស់ប្រជាជាតិទាំងឡាយរបៀបណា។
16. អ្នករាល់គ្នាបានឃើញព្រះដ៏គួរស្អប់ខ្ពើម ជារូបបដិមាធ្វើពីឈើ និងពីថ្ម ឬពីប្រាក់ និងមាសនៅក្នុងស្រុករបស់ពួកគេ។
17. ដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ទោះបីប្រុសក្ដី ស្ត្រីក្ដី ឬអំបូរណាមួយ ឬកុលសម្ព័ន្ធណាមួយក្ដី បែរចិត្តចេញពីព្រះអម្ចាស់ ជាព្រះរបស់យើង នៅថ្ងៃនេះ ទៅគោរពថ្វាយបង្គំព្រះនានារបស់ប្រជាជាតិទាំងនោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ក្លាយទៅជាឫសគល់ដែលបង្កជាតិពុលល្វីងជូរចត់ឡើយ។
18. ក្រោយពីបានឮពាក្យសច្ចាដ៏ឱឡារិកនេះហើយ មិនត្រូវឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអំនួតពោលថា “ទោះបីខ្ញុំធ្វើតាមអំពើចិត្តរបស់ខ្ញុំក្ដី ខ្ញុំនៅតែមានសេចក្ដីសុខជានិច្ច”។ គំនិតដូច្នេះនឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
19. ព្រះអម្ចាស់មិនសព្វព្រះហឫទ័យអត់ទោសឲ្យមនុស្សបែបនេះទេ ផ្ទុយទៅវិញ ព្រះពិរោធ និងសេចក្ដីប្រច័ណ្ឌរបស់ព្រះអម្ចាស់ មុខជាឆាបឆេះគេ បណ្ដាសាទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរនេះក៏នឹងកើតមានដល់គេ ហើយព្រះអម្ចាស់នឹងលុបបំបាត់ឈ្មោះគេពីផែនដីនេះ។
20. ព្រះអម្ចាស់នឹងដកអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យរងទុក្ខវេទនា ស្របតាមបណ្ដាសាទាំងប៉ុន្មាននៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនៃវិន័យនេះ។
21. កូនចៅរបស់អ្នករាល់គ្នាដែលកើតនៅជំនាន់ក្រោយ ព្រមទាំងជនបរទេសមកពីស្រុកឆ្ងាយ មុខជាឃើញគ្រោះកាច និងជំងឺផ្សេងៗដែលព្រះអម្ចាស់ធ្វើឲ្យកើតមានចំពោះស្រុកនេះ ពួកគេនឹងពោលថា:
22. “ស្រុកទាំងមូលនឹងត្រូវឆាបឆេះ ហើយមានតែស្ពាន់ធ័រ និងអំបិល គ្មាននរណាអាចសាបព្រោះ គ្មានដំណាំអ្វីដុះ សូម្បីតែស្មៅក៏គ្មានផង គឺស្រុកនោះប្រៀបដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ដែលព្រះអម្ចាស់បំផ្លាញ ដោយសារព្រះពិរោធដ៏ខ្លាំងក្លា”។
23. ប្រជាជាតិទាំងអស់នឹងពោលថា “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ? ហេតុអ្វីបានជាព្រះអង្គខ្ញាល់យ៉ាងខ្លាំងបែបនេះ?”។
24. គេនឹងឆ្លើយវិញថា “មកពីពួកគេបោះបង់ចោលសម្ពន្ធមេត្រី ដែលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចងជាមួយពួកគេ នៅពេលព្រះអង្គនាំពួកគេចាកចេញពីស្រុកអេស៊ីប។