66. ជីវិតរបស់អ្នកប្រៀបបាននឹងអំបោះមួយសរសៃ អ្នកភ័យខ្លាចទាំងយប់ទាំងថ្ងៃ ហើយជីវិតគ្មានន័យអ្វីសម្រាប់អ្នកទៀតឡើយ។
67. ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក បណ្ដាលឲ្យអ្នកភ័យខ្លាច។ នៅពេលព្រឹក អ្នកនឹងពោលថា “សូមឲ្យល្ងាចឆាប់មកដល់!” នៅពេលល្ងាចអ្នកនឹងពោលថា “សូមឲ្យព្រឹកឆាប់មកដល់!”។
68. ព្រះអម្ចាស់នឹងនាំអ្នកទៅស្រុកអេស៊ីបវិញ តាមនាវា។ អ្នកនឹងវិលត្រឡប់ទៅស្រុក ដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនបានឃើញទៀតឡើយ! នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនធ្វើជាទាសាទាសីរបស់ខ្មាំងសត្រូវ តែគ្មាននរណាចង់ទិញអ្នករាល់គ្នាទេ!»។
69. ក្រៅពីសម្ពន្ធមេត្រី*ដែលព្រះអម្ចាស់ចងជាមួយជនជាតិអ៊ីស្រាអែលនៅភ្នំហោរែប ព្រះអង្គបានបង្គាប់ឲ្យលោកម៉ូសេចងសម្ពន្ធមេត្រីមួយទៀតជាមួយពួកគេនៅស្រុកម៉ូអាប់ ដែលមានសេចក្ដីដូចខាងក្រោមនេះ។