គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 28:62-69 Khmer Standard Version (KHSV)

62. អ្នក​រាល់​គ្នា​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ នឹង​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​តូច ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។

63. ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​នឹង​កម្ទេច​អ្នក​រាល់​គ្នា ហើយ​ប្រហារ​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់។

64. ព្រះ‌អម្ចាស់​នឹង​កំចាត់‌កំចាយ​អ្នក​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។

65. ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ អ្នក​នឹង​មិន​បាន​សុខ‌សាន្ត ហើយ​ក៏​មិន​មែន​ជា​កន្លែង​ដែល​អ្នក​សម្រាក​ដែរ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ពុំ​បាន​ស្ងប់ ឲ្យ​ភ្នែក​របស់​អ្នក​ស្រវាំង ហើយ​ឲ្យ​ចិត្ត​គំនិត​របស់​អ្នក​ឈឺ​ចាប់។

66. ជីវិត​របស់​អ្នក​ប្រៀប​បាន​នឹង​អំបោះ​មួយ​សរសៃ អ្នក​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ជីវិត​គ្មាន​ន័យ​អ្វី​សម្រាប់​អ្នក​ទៀត​ឡើយ។

67. ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក បណ្ដាល​ឲ្យ​អ្នក​ភ័យ​ខ្លាច។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ល្ងាច​ឆាប់​មក​ដល់!” នៅ​ពេល​ល្ងាច​អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!”។

68. ព្រះ‌អម្ចាស់​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីប​វិញ តាម​នាវា។ អ្នក​នឹង​វិល​ត្រឡប់​ទៅ​ស្រុក ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​បាន​ឃើញ​ទៀត​ឡើយ! នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ធ្វើ​ជា​ទាសា‌ទាសី​របស់​ខ្មាំង​សត្រូវ តែ​គ្មាន​នរណា​ចង់​ទិញ​អ្នក​រាល់​គ្នា​ទេ!»។

69. ក្រៅ​ពី​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌អម្ចាស់​ចង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ភ្នំ​ហោរែប ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​លោក​ម៉ូសេ​ចង​សម្ពន្ធ‌មេត្រី​មួយ​ទៀត​ជា​មួយ​ពួក​គេ​នៅ​ស្រុក​ម៉ូអាប់ ដែល​មាន​សេចក្ដី​ដូច​ខាង​ក្រោម​នេះ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 28