55. ដោយខ្លាចគេដណ្ដើមសាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំង គ្មានអ្វីបរិភោគទេ។
56. ក្នុងចំណោមអ្នករាល់គ្នា ស្ត្រីដែលធ្លាប់តែស្លូតបូត ហើយមានចិត្តមេត្តា សូម្បីតែដីក៏មិនហ៊ានយកជើងជាន់ផងនោះ បែរជាសម្លក់សម្លឹងប្ដីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីរបស់ខ្លួន
57. ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាយ៉ាងខ្លាំង ហើយដោយខ្វះខាតពេក នាងមានបំណងយកទារកដែលទើបនឹងចេញពីផ្ទៃរបស់ខ្លួន ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង។
58. ប្រសិនបើអ្នកមិនកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ ដែលមានចែងទុកក្នុងគម្ពីរនេះ ប្រសិនបើអ្នកមិនកោតខ្លាចព្រះនាមដ៏រុងរឿង គួរឲ្យស្ញែងខ្លាចរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ
59. ព្រះអម្ចាស់នឹងប្រហារអ្នក ព្រមទាំងពូជពង្សរបស់អ្នក ដោយសម្តែងការអស្ចារ្យ ធ្វើឲ្យកើតដំបៅ និងជំងឺដ៏ធ្ងន់ៗ ដែលពុំអាចមើលជា។
60. ព្រះអង្គនឹងធ្វើឲ្យជំងឺរាតត្បាតផ្សេងៗ ដែលធ្លាប់កើតចំពោះជនជាតិអេស៊ីប ហើយធ្លាប់ធ្វើឲ្យអ្នកញញើតនោះ កើតចំពោះអ្នកដែរ។ ជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នក។
61. ព្រះអម្ចាស់ធ្វើឲ្យជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលគ្មានចែងទុកក្នុងគម្ពីរនៃវិន័យនេះ កើតមានចំពោះអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។
62. អ្នករាល់គ្នាដែលមានចំនួនយ៉ាងច្រើនដូចផ្កាយនៅលើមេឃ នឹងក្លាយទៅជាជាតិសាសន៍មួយដ៏តូច ព្រោះអ្នករាល់គ្នាពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។
63. ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរឲ្យអ្នករាល់គ្នាកើនចំនួនច្រើនឡើងយ៉ាងណា ព្រះអង្គក៏មានព្រះហឫទ័យរីករាយនឹងកម្ទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឲ្យវិនាសយ៉ាងនោះដែរ។ ព្រះអង្គនឹងដកអ្នករាល់គ្នាចេញពីស្រុក ដែលអ្នករាល់គ្នាចូលទៅកាន់កាប់។