គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 28:54-62 Khmer Standard Version (KHSV)

54. ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូត‌បូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់‌សម្លឹង​បង‌ប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេស‌សល់

55. ដោយ​ខ្លាច​គេ​ដណ្ដើម​សាច់​កូន​ដែល​ខ្លួន​ទុក​បរិភោគ ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​ជា​ខ្លាំង គ្មាន​អ្វី​បរិភោគ​ទេ។

56. ក្នុង​ចំណោម​អ្នក​រាល់​គ្នា ស្ត្រី​ដែល​ធ្លាប់​តែ​ស្លូត‌បូត ហើយ​មាន​ចិត្ត​មេត្តា សូម្បី​តែ​ដី​ក៏​មិន​ហ៊ាន​យក​ជើង​ជាន់​ផង​នោះ បែរ​ជា​សម្លក់‌សម្លឹង​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន

57. ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយ​ដោយ​ខ្វះ​ខាត​ពេក នាង​មាន​បំណង​យក​ទារក​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន ទៅ​ធ្វើ​ម្ហូប​បរិភោគ​ស្ងាត់ៗ​តែ​ម្នាក់​ឯង។

58. ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​ព្រះ‌នាម​ដ៏​រុងរឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ

59. ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ដោយ​សម្តែង​ការ​អស្ចារ្យ ធ្វើ​ឲ្យ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ ដែល​ពុំ​អាច​មើល​ជា។

60. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ញ‌ញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។

61. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជំងឺ និង​គ្រោះ​កាច​គ្រប់​យ៉ាង ដែល​គ្មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​វិន័យ​នេះ កើត​មាន​ចំពោះ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។

62. អ្នក​រាល់​គ្នា​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ នឹង​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​តូច ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 28