គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 28:48-61 Khmer Standard Version (KHSV)

48. នោះ​អ្នក​នឹង​បម្រើ​ខ្មាំង​សត្រូវ ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ប្រហារ​អ្នក។ អ្នក​នឹង​ស្រេក​ឃ្លាន ខ្លួន​ទទេ ហើយ​ខ្វះ​ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​ដាក់​នឹម​ដែក​លើ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។

49. ព្រះ‌អម្ចាស់​នឹង​នាំ​ប្រជា‌ជាតិ​មួយ​ពី​ស្រុក​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី មក​ប្រហារ​អ្នក។ ប្រជា‌ជាតិ​នោះ​នឹង​មក​ដល់​ដូច​សត្វ​ត្មាត​បោះ‌ពួយ អ្នក​ស្ដាប់​ភាសា​របស់​ប្រជា‌ជាតិ​នោះ​មិន​បាន​ទេ។

50. ពួក​គេ​មាន​ទឹក​មុខ​សាហាវ ពួក​គេ​មិន​គោរព​ចាស់​ទុំ ហើយ​ក៏​គ្មាន​ចិត្ត​មេត្តា​ចំពោះ​កូន​ក្មេង​ដែរ។

51. ពួក​គេ​នឹង​បរិភោគ​សត្វ ព្រម​ទាំង​ភោគ‌ផល​ដែល​កើត​ពី​ដី​របស់​អ្នក រហូត​ទាល់​តែ​អ្នក​ហិន‌ហោច​អស់។ ពួក​គេ​មិន​ទុក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង កូន​គោ កូន​ចៀម​ឲ្យ​នៅ​សល់​សម្រាប់​អ្នក​ឡើយ រួច​ហើយ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​វិនាស​សូន្យ។

52. ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​ទីក្រុង​ទាំង‌ឡាយ​ដែល​អ្នក​រស់​នៅ ពួក​គេ​នឹង​រំលំ​កំពែង​ក្រុង​ដ៏​ខ្ពស់ ហើយ​មាំ​នៅ​ក្នុង​ស្រុក​របស់​អ្នក គឺ​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក។ ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​គ្រប់​ទី​កន្លែង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។

53. ក្នុង​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ អ្នក​នឹង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង រហូត​ដល់​ស៊ី​សាច់​កូន​របស់​ខ្លួន គឺ​កូន​ប្រុស​កូន​ស្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។

54. ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូត‌បូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់‌សម្លឹង​បង‌ប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេស‌សល់

55. ដោយ​ខ្លាច​គេ​ដណ្ដើម​សាច់​កូន​ដែល​ខ្លួន​ទុក​បរិភោគ ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​ជា​ខ្លាំង គ្មាន​អ្វី​បរិភោគ​ទេ។

56. ក្នុង​ចំណោម​អ្នក​រាល់​គ្នា ស្ត្រី​ដែល​ធ្លាប់​តែ​ស្លូត‌បូត ហើយ​មាន​ចិត្ត​មេត្តា សូម្បី​តែ​ដី​ក៏​មិន​ហ៊ាន​យក​ជើង​ជាន់​ផង​នោះ បែរ​ជា​សម្លក់‌សម្លឹង​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន

57. ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយ​ដោយ​ខ្វះ​ខាត​ពេក នាង​មាន​បំណង​យក​ទារក​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន ទៅ​ធ្វើ​ម្ហូប​បរិភោគ​ស្ងាត់ៗ​តែ​ម្នាក់​ឯង។

58. ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​ព្រះ‌នាម​ដ៏​រុងរឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ

59. ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ដោយ​សម្តែង​ការ​អស្ចារ្យ ធ្វើ​ឲ្យ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ ដែល​ពុំ​អាច​មើល​ជា។

60. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ញ‌ញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។

61. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជំងឺ និង​គ្រោះ​កាច​គ្រប់​យ៉ាង ដែល​គ្មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​វិន័យ​នេះ កើត​មាន​ចំពោះ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 28