គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 28:35-48 Khmer Standard Version (KHSV)

35. ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ឲ្យ​កើត​ដំបៅ​រីក​នៅ​ក្បាល​ជង្គង់ និង​នៅ​ជើង​ដែល​អ្នក​ពុំ​អាច​មើល​ជា​បាន​ឡើយ។ ព្រះ‌អង្គ​នឹង​ប្រហារ​អ្នក​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

36. ព្រះ‌អម្ចាស់​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្ដេច​ដែល​អ្នក​នឹង​ជ្រើស​រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។

37. ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។

38. អ្នក​នឹង​យក​គ្រាប់​ពូជ​ជា​ច្រើន​ទៅ​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក តែ​អ្នក​ច្រូត​ផល​បាន​តិច ព្រោះ​មាន​កណ្ដូប​ស៊ី។

39. អ្នក​ដាំ​ទំពាំង‌បាយជូរ ហើយ​មើល​ថែ​ទាំ តែ​អ្នក​នឹង​ពុំ​បាន​បេះ​ផ្លែ ឬ​បរិភោគ​ស្រា​ទំពាំង‌បាយជូរ​ឡើយ ដ្បិត​មាន​ដង្កូវ​ស៊ី​ទំពាំង‌បាយជូរ​នោះ​អស់។

40. អ្នក​ដាំ​អូលីវ​ពាស‌ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​គាប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។

41. អ្នក​មាន​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជា​មួយ​អ្នក​ឡើយ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ។

42. ដើម​ឈើ និង​ដំណាំ​ទាំង​ប៉ុន្មាន​របស់​អ្នក​មុខ​ជា​ត្រូវ​ចង្រិត​ស៊ី​បង្ហិន។

43. ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​អ្នក ហើយ​អ្នក​ចុះ​អោន​ថយ​កាន់​តែ​ខ្សោយ​ទៅៗ។

44. គេ​នឹង​ឲ្យ​ទ្រព្យ​អ្នក​ខ្ចី គឺ​មិន​មែន​អ្នក​ទេ​ដែល​ឲ្យ​គេ​ខ្ចី។ គេ​នឹង​ថ្កុំ‌ថ្កើង​បំផុត រីឯ​អ្នក​វិញ​អ្នក​អន់​ជាង​គេ​បំផុត។

45. បណ្ដាសា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក ហើយ​ស្ថិត​នៅ​ជាប់​ជា​មួយ​អ្នក​ជា‌និច្ច រហូត​ទាល់​តែ​អ្នក​វិនាស ព្រោះ​អ្នក​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក អ្នក​ពុំ​បាន​កាន់​តាម​បទ‌បញ្ជា និង​ក្រឹត្យ​ច្បាប់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​អ្នក​ឡើយ។

46. បណ្ដាសា​ទាំង​នេះ​ជា​ទី​សម្គាល់ និង​ជា​ឫទ្ធិ‌បាដិ‌ហារិយ៍ សម្រាប់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក​រហូត​ត​ទៅ។

47. នៅ​ពេល​សម្បូណ៌‌សប្បាយ ប្រសិន​បើ​អ្នក​ពុំ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​អំណរ និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ

48. នោះ​អ្នក​នឹង​បម្រើ​ខ្មាំង​សត្រូវ ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ប្រហារ​អ្នក។ អ្នក​នឹង​ស្រេក​ឃ្លាន ខ្លួន​ទទេ ហើយ​ខ្វះ​ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​ដាក់​នឹម​ដែក​លើ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 28