គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 28:32-38 Khmer Standard Version (KHSV)

32. គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​ឲ្យ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់‌ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ។

33. ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង‌ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។

34. ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក មុខ​ជា​ធ្វើ​ឲ្យ​អ្នក​វង្វេង​ស្មារតី។

35. ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ឲ្យ​កើត​ដំបៅ​រីក​នៅ​ក្បាល​ជង្គង់ និង​នៅ​ជើង​ដែល​អ្នក​ពុំ​អាច​មើល​ជា​បាន​ឡើយ។ ព្រះ‌អង្គ​នឹង​ប្រហារ​អ្នក​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

36. ព្រះ‌អម្ចាស់​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្ដេច​ដែល​អ្នក​នឹង​ជ្រើស​រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។

37. ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។

38. អ្នក​នឹង​យក​គ្រាប់​ពូជ​ជា​ច្រើន​ទៅ​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក តែ​អ្នក​ច្រូត​ផល​បាន​តិច ព្រោះ​មាន​កណ្ដូប​ស៊ី។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 28