គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 28:29-44 Khmer Standard Version (KHSV)

29. អ្នក​នឹង​ដើរ​រាវ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ដើរ​ស្ទាបៗ ក្នុង​ភាព​អន្ធការ។ អ្នក​ពុំ​អាច​សម្រេច​តាម​គម្រោង‌ការ​ដែល​អ្នក​រៀប‌ចំ​ឡើយ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ទេ។

30. ពេល​អ្នក​មាន​គូ​ដណ្ដឹង បុរស​ម្នាក់​ទៀត​នឹង​រំលោភ​នាង។ ពេល​អ្នក​សង់​ផ្ទះ អ្នក​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ពេល​អ្នក​ដាំ​ទំពាំង‌បាយជូរ អ្នក​នឹង​មិន​បាន​បរិភោគ‌ផល​ឡើយ។

31. គេ​នឹង​សម្លាប់​គោ​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​សាច់​បរិភោគ​ឡើយ។ គេ​រឹប​អូស​យក​លា​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក ហើយ​វា​នឹង​មិន​វិល​មក​វិញ​ទេ។ គេ​នឹង​ប្រគល់​ហ្វូង​ចៀម​របស់​អ្នក​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ឡើយ។

32. គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​ឲ្យ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់‌ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ។

33. ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង‌ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។

34. ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក មុខ​ជា​ធ្វើ​ឲ្យ​អ្នក​វង្វេង​ស្មារតី។

35. ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ឲ្យ​កើត​ដំបៅ​រីក​នៅ​ក្បាល​ជង្គង់ និង​នៅ​ជើង​ដែល​អ្នក​ពុំ​អាច​មើល​ជា​បាន​ឡើយ។ ព្រះ‌អង្គ​នឹង​ប្រហារ​អ្នក​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

36. ព្រះ‌អម្ចាស់​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្ដេច​ដែល​អ្នក​នឹង​ជ្រើស​រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។

37. ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។

38. អ្នក​នឹង​យក​គ្រាប់​ពូជ​ជា​ច្រើន​ទៅ​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក តែ​អ្នក​ច្រូត​ផល​បាន​តិច ព្រោះ​មាន​កណ្ដូប​ស៊ី។

39. អ្នក​ដាំ​ទំពាំង‌បាយជូរ ហើយ​មើល​ថែ​ទាំ តែ​អ្នក​នឹង​ពុំ​បាន​បេះ​ផ្លែ ឬ​បរិភោគ​ស្រា​ទំពាំង‌បាយជូរ​ឡើយ ដ្បិត​មាន​ដង្កូវ​ស៊ី​ទំពាំង‌បាយជូរ​នោះ​អស់។

40. អ្នក​ដាំ​អូលីវ​ពាស‌ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​គាប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។

41. អ្នក​មាន​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជា​មួយ​អ្នក​ឡើយ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ។

42. ដើម​ឈើ និង​ដំណាំ​ទាំង​ប៉ុន្មាន​របស់​អ្នក​មុខ​ជា​ត្រូវ​ចង្រិត​ស៊ី​បង្ហិន។

43. ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​អ្នក ហើយ​អ្នក​ចុះ​អោន​ថយ​កាន់​តែ​ខ្សោយ​ទៅៗ។

44. គេ​នឹង​ឲ្យ​ទ្រព្យ​អ្នក​ខ្ចី គឺ​មិន​មែន​អ្នក​ទេ​ដែល​ឲ្យ​គេ​ខ្ចី។ គេ​នឹង​ថ្កុំ‌ថ្កើង​បំផុត រីឯ​អ្នក​វិញ​អ្នក​អន់​ជាង​គេ​បំផុត។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 28