គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 28:14-26 Khmer Standard Version (KHSV)

14. មិន​ត្រូវ​ងាក​ទៅ​ឆ្វេង ទៅ​ស្ដាំ ឆ្ងាយ​ពី​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»

15. «ប្រសិន​បើ​អ្នក​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ប្រសិន​បើ​អ្នក​មិន​កាន់ ឬ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​នឹង​ទទួល​បណ្ដាសា​ដូច​ត​ទៅ:

16. អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ទីក្រុង ហើយ​អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ស្រុក​ស្រែ។

17. អ្នក​នឹង​ត្រូវ​បណ្ដាសា ដោយ​គ្មាន​ផ្លែ​ឈើ​នៅ​ក្នុង​ល្អី គ្មាន​ស្រូវ​នៅ​ក្នុង​ជង្រុក។

18. អ្នក​នឹង​ត្រូវ​បណ្ដាសា​ដោយ​គ្មាន​កូន​ចៅ ដី​របស់​អ្នក​មិន​បង្កើត​ភោគ‌ផល ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក ក៏​មិន​កើន​ចំនួន​ដែរ។

19. អ្នក​នឹង​ទទួល​បណ្ដាសា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

20. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​ប្រទះ​ទុក្ខ​វេទនា ភាព​អាសន្ន និង​ភយន្ត‌រាយ ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ​នឹង​ត្រូវ​ខូច​បង់ រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​បោះ​បង់​ចោល​ព្រះ‌អង្គ។

21. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អាសន្ន‌រោគ​កើត​មាន​ចំពោះ​អ្នក រហូត​ដល់​អ្នក​វិនាស​សូន្យ​បាត់​ពី​ទឹក​ដី​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។

22. ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ដោយ​ជំងឺ​រាត​ត្បាត ជំងឺ​គ្រុន​ក្ដៅ គ្រុន​រលាក គ្រុន​សន្ធំ ព្រម​ទាំង​មាន​កើត​ការ​រាំង​ស្ងួត ស្រូវ​របស់​អ្នក​នឹង​ស្កក ហើយ​មាន​ក្រា​ស៊ី។ ទុក្ខ​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។

23. មេឃ​ដែល​នៅ​ពី​លើ​អ្នក​នឹង​ក្ដៅ​ដូច​ជា​លង្ហិន ហើយ​ដី​ដែល​នៅ​ពី​ក្រោម​អ្នក​នឹង​រឹង​ដូច​ដែក។

24. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ធូលី​ដី ព្រម​ទាំង​ផេះ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ស្រុក​របស់​អ្នក​ជំនួស​ភ្លៀង រហូត​ទាល់​តែ​អ្នក​វិនាស។

25. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ‌ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។

26. សាក‌សព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 28