គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 28:1-11 Khmer Standard Version (KHSV)

1. «ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដូច​ខ្ញុំ​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ប្រសើរ​ជាង​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី។

2. ប្រសិន​បើ​អ្នក​ស្ដាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​គ្រប់​យ៉ាង​ដល់​អ្នក

3. គឺ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​អ្នក នៅ​តាម​ទីក្រុង ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​អ្នក​នៅ​តាម​ស្រែ​ចម្ការ។

4. ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក​កើន​ភោគ‌ផល​បរិបូណ៌ ហើយ​ហ្វូង​សត្វ​របស់​អ្នក គឺ​គោ និង​ចៀម​ក៏​នឹង​កើន​ចំនួន​ឡើង​ជា​ច្រើន​ដែរ។

5. ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​ផ្លែ​ឈើ​ពេញ​ល្អី ព្រម​ទាំង​មាន​ស្រូវ​ពេញ​ជង្រុក។

6. ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

7. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​បាក់​ទ័ព រត់​នៅ​ពី​មុខ​អ្នក។ ពួក​គេ​ចេញ​មក​វាយ​អ្នក ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​ពួក​គេ​នឹង​រត់​នៅ​មុខ​អ្នក ទៅ​តាម​ផ្លូវ​ប្រាំ‌ពីរ។

8. ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ ព្រះ‌អង្គ​ប្រទាន​ពរ​ជា‌និច្ច។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក។

9. ពេល​ណា​អ្នក​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ នោះ​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ* ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក។

10. ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ឃើញ​ថា ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​អ្នក។

11. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ដោយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក និង​ហ្វូង​សត្វ​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ទទួល​ភោគ‌ផល​ជា​ច្រើន នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​បុព្វបុរស* ថា​ប្រទាន​ឲ្យ​អ្នក​ដែរ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 28