គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 27:5-16 Khmer Standard Version (KHSV)

5. បន្ទាប់​មក ចូរ​យក​ថ្ម​ដែល​មិន​ទាន់​មាន​នរណា​យក​ពន្លាក​ដាប់​នៅ​ឡើយ មក​សង់​អាសនៈ*​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក

6. គឺ​ត្រូវ​យក​ថ្ម​ដែល​មិន​ទាន់​ដាប់ សង់​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក រួច​យក​តង្វាយ​ដុត*​ទាំង​មូល​មក​ថ្វាយ​ព្រះ‌អង្គ នៅ​លើ​អាសនៈ​នោះ។

7. ចូរ​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព ហើយ​ជប់‌លៀង​យ៉ាង​សប្បាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

8. ចូរ​ចារឹក​ក្រឹត្យ‌វិន័យ​ទាំង​នេះ​នៅ​លើ​ថ្ម​ឲ្យ​ច្បាស់ៗ»។

9. បន្ទាប់​មក លោក​ម៉ូសេ និង​បូជា‌ចារ្យ*​លេវី ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ៖ «អ៊ីស្រា‌អែល​អើយ ចូរ​ស្ងៀម​ស្ងាត់ ហើយ​ស្ដាប់​ចុះ! ថ្ងៃ​នេះ អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

10. ដូច្នេះ ចូរ​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ»។

11. ថ្ងៃ​ដដែល​នោះ លោក​ម៉ូសេ​បង្គាប់​ប្រជា‌ជន​ដូច​ត​ទៅ៖

12. «កាល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ហើយ កុល‌សម្ព័ន្ធ​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ យ៉ូសែប និង​បេន‌យ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​ការិ‌ស៊ីម ដើម្បី​ប្រកាស​អំពី​ព្រះ‌ពរ​ប្រាប់​ប្រជា‌ជន។

13. រីឯ​កុល‌សម្ព័ន្ធ​រូបេន កាដ អេ‌ស៊ើរ សាប់យូ‌ឡូន ដាន់ និង​ណែប‌ថាលី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្ដាសា»។

14. «ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:

15. “អ្នក​ណា​ឆ្លាក់​រូប​បដិមា ឬ​សិត​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយ‌បង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

16. “អ្នក​ណា​ប្រមាថ​មើល‌ងាយ​មាតា‌បិតា អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 27