គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 26:13-19 Khmer Standard Version (KHSV)

13. ពេល​នោះ អ្នក​ត្រូវ​ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ថា: “អ្វីៗ​ដែល​ទូលបង្គំ​ញែក​ថ្វាយ​ព្រះ‌អង្គ ទូលបង្គំ​បាន​យក​ចេញ​ពី​ផ្ទះ​របស់​ទូលបង្គំ ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ស្រប​តាម​បទ‌បញ្ជា​ទាំង​អស់ ដែល​ព្រះ‌អង្គ​បង្គាប់​មក​ទូលបង្គំ គឺ​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​បំពាន ឬ​ភ្លេច​បទ‌បញ្ជា​ណា​មួយ​របស់​ព្រះ‌អង្គ​ឡើយ។

14. នៅ​ពេល​ទូលបង្គំ​កាន់​ទុក្ខ ទូលបង្គំ​ពុំ​បាន​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់​នេះ​ទេ។ ទូលបង្គំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សម្រាប់​ការ​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​ឲ្យ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូលបង្គំ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​ទូលបង្គំ។

15. បពិត្រ​ព្រះ‌អម្ចាស់ សូម​ទត​ពី​ស្ថាន​បរម‌សុខ ជា​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ពរ​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​ប្រទាន​ពរ​ដល់​ទឹក​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង​ខ្ញុំ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នេះ”»។

16. «ថ្ងៃ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នេះ។ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​គំនិត។

17. ថ្ងៃ​នេះ អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​យល់​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ គោរព​ច្បាប់ បទ‌បញ្ជា និង​វិន័យ​ទាំង‌ឡាយ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ទៀត​ផង។

18. ថ្ងៃ​នេះ​ព្រះ‌អម្ចាស់​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

19. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ មាន​កិត្តិយស​រុងរឿង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ សម្រាប់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 26