គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 26:1-7 Khmer Standard Version (KHSV)

1. «ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក ពេល​ណា​អ្នក​កាន់​កាប់​ទឹក​ដី ព្រម​ទាំង​រស់​នៅ​ក្នុង​ស្រុក​នោះ​ហើយ

2. ចូរ​យក​ផល​ដំបូង​នៃ​ភោគ‌ផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ព្រះ‌ដំណាក់​សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

3. អ្នក​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​នៅ​គ្រា​នោះ ជម្រាប​លោក​ដូច​ត​ទៅ: “ថ្ងៃ​នេះ ខ្ញុំ​បាទ​សូម​ប្រកាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ថា ខ្ញុំ​បាទ​បាន​ចូល​មក​ដល់​ទឹក​ដី ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង​ថា ប្រគល់​ឲ្យ​យើង​ខ្ញុំ​នេះ​ហើយ”។

4. បូជា‌ចារ្យ​នឹង​ទទួល​ល្អី​ពី​ដៃ​របស់​អ្នក យក​ទៅ​តម្កល់​នៅ​មុខ​អាសនៈ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

5. ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វបុរស​របស់​ខ្ញុំ​បាទ​ជា​ពនេ‌ចរ ជាតិ​អើរ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។

6. ជន‌ជាតិ​អេស៊ីប​បាន​ធ្វើ​បាប និង​សង្កត់‌សង្កិន​យើង​ខ្ញុំ ពួក​គេ​ប្រើ​យើង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជា​ទាសករ។

7. យើង​ខ្ញុំ​ក៏​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​យើង​ខ្ញុំ ព្រះ‌អង្គ​ទត​ឃើញ​គេ​សង្កត់‌សង្កិន​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក និង​វេទនា​ជា​ខ្លាំង។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 26