គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 24:5-13 Khmer Standard Version (KHSV)

5. «មិន​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ទើប​នឹង​រៀប‌ការ ទៅ​ធ្វើ​ទាហាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​កែន​គេ​ឲ្យ​ទៅ​ធ្វើ​ការ​អ្វី​ដែរ។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ គេ​ត្រូវ​តែ​នៅ​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ភរិយា​បាន​សប្បាយ។

6. មិន​ត្រូវ​ទទួល​យក​ត្បាល់​កិន​ជា​របស់​បញ្ចាំ​ឡើយ គឺ​សូម្បី​តែ​ថ្ម​ផ្នែក​ខាង​លើ​របស់​ត្បាល់​កិន ក៏​មិន​ត្រូវ​ទទួល​យក​ដែរ ព្រោះ​ធ្វើ​ដូច្នេះ ដូច​ជា​បង្អត់​អាហារ​ម្ចាស់​ត្បាល់។

7. ប្រសិន​បើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ចាប់​ជន​រួម​ជាតិ​របស់​ខ្លួន​យក​ទៅ​ធ្វើ​ជា​ទាសករ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

8. ចូរ​ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ពួក​បូជា‌ចារ្យ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​បូជា‌ចារ្យ​ទាំង​នោះ។

9. ចូរ​នឹក​ចាំ​ពី​ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ចំពោះ​បង​ស្រី​ម៉ារាម នៅ​តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

10. ប្រសិន​បើ​អ្នក​ឲ្យ​អ្វី​មួយ​ទៅ​បង‌ប្អូន​របស់​អ្នក​ខ្ចី មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​យក​វត្ថុ​បញ្ចាំ​ឡើយ។

11. អ្នក​ត្រូវ​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ចាំ​បង‌ប្អូន​នោះ​យក​វត្ថុ​បញ្ចាំ​ចេញ​មក​ឲ្យ។

12. ប្រសិន​បើ​កូន​បំណុល​នោះ​ជា​ជន​ក្រីក្រ អ្នក​មិន​ត្រូវ​ចូល​ដំណេក ដោយ​ទុក​វត្ថុ​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ

13. តែ​ត្រូវ​ប្រគល់​អាវ​ធំ​ដែល​គេ​យក​មក​បញ្ចាំ​នោះ​ទៅ​ឲ្យ​គេ​វិញ មុន​ពេល​ថ្ងៃ​លិច ដើម្បី​ឲ្យ​គេ​មាន​អាវ​ដណ្ដប់​នៅ​ពេល​យប់ ព្រម​ទាំង​ឲ្យ​ពរ​អ្នក​ទៀត​ផង។ ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​អំពើ​មួយ​ដ៏​សុចរិត ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 24