គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 24:15-22 Khmer Standard Version (KHSV)

15. ត្រូវ​បើក​ប្រាក់​ប្រចាំ​ថ្ងៃ​ឲ្យ​គេ​មុន​ពេល​ថ្ងៃ​លិច ដ្បិត​គ្នា​ជា​ជន​ក្រីក្រ ហើយ​ត្រូវ​ការ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ជា​ចាំ‌បាច់។ ប្រសិន​បើ​គេ​មិន​បាន​ទទួល​ប្រាក់​ទេ ពេល​គេ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ប្រឆាំង​នឹង​អ្នក នោះ​អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​បាប​មិន​ខាន។

16. មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត។

17. មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​បរទេស ឬ​ក្មេង​កំព្រា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​សម្លៀក‌បំពាក់​របស់​ស្ត្រី​មេម៉ាយ​ទុក​ជា​វត្ថុ​បញ្ចាំ​ដែរ។

18. ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ‌បញ្ជា​ទាំង​នេះ ឲ្យ​អ្នក​ប្រព្រឹត្ត​តាម។

19. ពេល​ណា​អ្នក​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក ហើយ​អ្នក​ភ្លេច​ស្រូវ​មួយ​កណ្ដាប់​នៅ​ក្នុង​ស្រែ នោះ​កុំ​វិល​ត្រឡប់​ទៅ​យក​វិញ​ឡើយ គឺ​ត្រូវ​ទុក​ស្រូវ​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា ឬ​ស្ត្រី​មេម៉ាយ​រើស ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

20. ពេល​ណា​អ្នក​បេះ​ផ្លែ​អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។

21. ពេល​ណា​អ្នក​បេះ​ផ្លែ​ទំពាំង‌បាយជូរ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។

22. ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ‌បញ្ជា​ទាំង​នេះ​ឲ្យ​អ្នក​ប្រព្រឹត្ត​តាម។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 24