8. កូនចៅរបស់ពួកគេនៅជំនាន់ទីបី អាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់បាន»។
9. «ពេលណាអ្នកចេញទៅបោះទ័ព ធ្វើសឹកនឹងខ្មាំងសត្រូវ ចូរចៀសវាងអ្វីៗទាំងអស់ដែលនាំឲ្យសៅហ្មង។
10. ប្រសិនបើទាហានណាម្នាក់កើតហេតុភេទអ្វីនៅពេលយប់ ដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង គេត្រូវតែចាកចេញពីជំរំ មិនអាចចូលទៅវិញឡើយ។
11. នៅពេលល្ងាច គេត្រូវធ្វើពិធីជម្រះកាយ លុះដល់ថ្ងៃលិច គេអាចចូលក្នុងជំរំវិញបាន។
12. ត្រូវរៀបចំឲ្យមានកន្លែងមួយនៅខាងក្រៅជំរំ ជាកន្លែងសម្រាប់ឲ្យអ្នកចេញទៅដោះទុក្ខសត្វ។
13. ត្រូវយកចបមួយជាប់នឹងខ្លួន ប្រើសម្រាប់ជីកដី នៅពេលណាអ្នកចេញទៅដោះទុក្ខសត្វ រួចហើយលុបដីនោះមកវិញ។
14. ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងទៅជាមួយកងទ័ពរបស់អ្នក ដើម្បីការពារអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃអ្នក។ ហេតុនេះ កងទ័ពរបស់អ្នកត្រូវតែវិសុទ្ធ* ដើម្បីកុំឲ្យព្រះអម្ចាស់ទតឃើញការអ្វីមួយមិនគប្បី ហើយចាកចេញពីអ្នក»។
15. «ប្រសិនបើមានទាសករម្នាក់រត់ចេញពីម្ចាស់របស់ខ្លួន មកជ្រកកោនជាមួយអ្នក កុំប្រគល់គេទៅក្នុងកណ្ដាប់ដៃម្ចាស់វិញឡើយ។
16. គេត្រូវស្នាក់នៅជាមួយអ្នក ក្នុងក្រុមគ្រួសាររបស់អ្នក ត្រង់កន្លែងដែលគេជ្រើសរើស គឺក្នុងក្រុងណាមួយរបស់អ្នក ដែលគេពេញចិត្តស្នាក់នៅ។ មិនត្រូវជិះជាន់គេឡើយ»។
17. «មិនត្រូវឲ្យមានស្រីពេស្យា ឬប្រុសពេស្យា ក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ។
18. កុំនាំយកជំនូនរបស់ស្ត្រីពេស្យា ឬប្រាក់កំរៃរបស់ជនអបាយមុខ ចូលមកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ ទោះបីគេយកមកថ្វាយ ដើម្បីលាបំណន់អ្វីមួយក៏ដោយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនសព្វព្រះហឫទ័យនឹងតង្វាយរបស់ជនទាំងពីរប្រភេទនេះទេ»។
19. «ប្រសិនបើបងប្អូនរួមជាតិរបស់អ្នកខ្ចីប្រាក់ ស្បៀងអាហារ ឬរបស់អ្វីផ្សេងទៀត កុំទាមទារឲ្យគេបង់ការប្រាក់ឡើយ។
20. អ្នកអាចទារការប្រាក់ពីជនបរទេសបាន តែកុំទារពីបងប្អូនរួមជាតិរបស់អ្នកឲ្យសោះ។ ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់»។
21. «ប្រសិនបើអ្នកបន់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អំពីរឿងអ្វីមួយ ចូរប្រញាប់ធ្វើតាមពាក្យដែលអ្នកបន់នោះ បើមិនដូច្នោះទេ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងទារបំណន់អ្នក ហើយអ្នកនឹងមានបាប។
22. ប្រសិនបើអ្នកមិនបានបន់ទេ នោះអ្នកនឹងគ្មានបាបអ្វីទេ។
23. ប៉ុន្តែ បើអ្នកបន់អ្វីមួយ ចូរធ្វើតាមបំណន់ដែលអ្នកបានបន់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយស្ម័គ្រចិត្តនោះទៅ»។
24. «ប្រសិនបើអ្នកដើរកាត់ចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកអាចបេះផ្លែបរិភោគតាមចិត្ត រហូតដល់ឆ្អែត តែអ្នកមិនអាចបេះដាក់ថង់យកទៅជាមួយឡើយ។