គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 23:1-15 Khmer Standard Version (KHSV)

1. «អ្នក​ដែល​បែក​ពង​លឹង្គ ឬ​ត្រូវ​គេ​កាត់​លឹង្គ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ឡើយ។

2. កូន​ឥត​ខាន់‌ស្លា​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​បាន​ដែរ។

3. ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​បាន​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ដែរ។

4. ត្រូវ​ធ្វើ​ដូច្នេះ​រហូត​ត​ទៅ ដ្បិត​នៅ​ពេល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ពុំ​បាន​យក​អាហារ ឬ​ទឹក​មក​ទទួល​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទេ តែ​ពួក​គេ​បែរ​ជា​សូក​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ អ្នក​ស្រុក​មេសូ‌ប៉ូតាមា ឲ្យ​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​ទៅ​វិញ។

5. ប៉ុន្តែ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម​ទេ គឺ​ព្រះ‌អង្គ​បាន​ប្ដូរ​បណ្ដាសា​ឲ្យ​ប្រែ​ទៅ​ជា​ព្រះ‌ពរ​ដល់​អ្នក​វិញ ដ្បិត​ព្រះ‌អង្គ​ស្រឡាញ់​អ្នក។

6. ដូច្នេះ ដរាប​ណា​អ្នក​នៅ​មាន​ជីវិត មិន​បាច់​គិត‌គូរ​ដល់​សេចក្ដី​សុខ ឬ​សុភមង្គល​របស់​ជាតិ​សាសន៍​ទាំង​ពីរ​នេះ​ទេ។

7. កុំ​ស្អប់​ខ្ពើម​ជន‌ជាតិ​អេដុម​ឡើយ ដ្បិត​ពួក​គេ​ជា​បង‌ប្អូន​បង្កើត​របស់​អ្នក ហើយ​ក៏​កុំ​ស្អប់​ខ្ពើម​ជន‌ជាតិ​អេស៊ីប​ដែរ ដ្បិត​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​របស់​គេ។

8. កូន​ចៅ​របស់​ពួក​គេ​នៅ​ជំនាន់​ទី​បី អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​បាន»។

9. «ពេល​ណា​អ្នក​ចេញ​ទៅ​បោះ​ទ័ព ធ្វើ​សឹក​នឹង​ខ្មាំង​សត្រូវ ចូរ​ចៀស‌វាង​អ្វីៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​សៅ‌ហ្មង។

10. ប្រសិន​បើ​ទាហាន​ណា​ម្នាក់​កើត​ហេតុ​ភេទ​អ្វី​នៅ​ពេល​យប់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង គេ​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ មិន​អាច​ចូល​ទៅ​វិញ​ឡើយ។

11. នៅ​ពេល​ល្ងាច គេ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ លុះ​ដល់​ថ្ងៃ​លិច គេ​អាច​ចូល​ក្នុង​ជំរំ​វិញ​បាន។

12. ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ជំរំ ជា​កន្លែង​សម្រាប់​ឲ្យ​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ។

13. ត្រូវ​យក​ចប​មួយ​ជាប់​នឹង​ខ្លួន ប្រើ​សម្រាប់​ជីក​ដី នៅ​ពេល​ណា​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ រួច​ហើយ​លុប​ដី​នោះ​មក​វិញ។

14. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​ទៅ​ជា​មួយ​កង‌ទ័ព​របស់​អ្នក ដើម្បី​ការ‌ពារ​អ្នក ហើយ​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ ហេតុ​នេះ កង‌ទ័ព​របស់​អ្នក​ត្រូវ​តែ​វិសុទ្ធ* ដើម្បី​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ទត​ឃើញ​ការ​អ្វី​មួយ​មិន​គប្បី ហើយ​ចាក​ចេញ​ពី​អ្នក»។

15. «ប្រសិន​បើ​មាន​ទាសករ​ម្នាក់​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន មក​ជ្រក​កោន​ជា​មួយ​អ្នក កុំ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ម្ចាស់​វិញ​ឡើយ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 23