គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 22:8-21 Khmer Standard Version (KHSV)

8. ប្រសិន​បើ​អ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំ‌វិញ​ដំបូល​ផ្ទះ ក្រែង​លោ​មាន​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​បណ្ដាល​ឲ្យ​អ្នក​មាន​ទោស ព្រោះ​តែ​ផ្ទះ​នោះ។

9. មិន​ត្រូវ​ព្រោះ​ពូជ​អ្វី​ផ្សេង ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​យក​ដំណាំ​ទាំង​អស់​ថ្វាយ​ព្រះ‌ជាម្ចាស់ គឺ​ទាំង​ពូជ​ផ្សេង​ដែល​អ្នក​ព្រោះ ទាំង​ផល​ទំពាំង‌បាយជូរ។

10. កុំ​ទឹម​គោ និង​លា ឲ្យ​អូស​នង្គ័ល​ជា​មួយ​គ្នា​ឡើយ។

11. កុំ​ស្លៀក​សម្លៀក‌បំពាក់​ត្បាញ​ដោយ​អំបោះ​រោម​ចៀម និង​អំបោះ​ធ្មៃ លាយ​គ្នា​ឡើយ។

12. ចូរ​ដេរ​ខ្សែ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​របស់​ក្រណាត់ ដែល​អ្នក​រុំ​ខ្លួន»។

13. ប្រសិន​បើ​បុរស​ណា​យក​ស្ត្រី​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង តែ​ក្រោយ​មក គេ​បែរ​ជា​ឈប់​ស្រឡាញ់​នាង

14. រួច​ចាប់​តាំង​បរិហារ​កេរ្តិ៍​នាង​ថា “ខ្ញុំ​បាន​យក​នាង​នេះ​មក​ធ្វើ​ជា​ភរិយា ខ្ញុំ​បាន​រួម​រស់​ជា​មួយ​នាង ហើយ​ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។

15. ឪពុក‌ម្ដាយ​របស់​នាង​ត្រូវ​យក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ទីក្រុង នៅ​ត្រង់​កន្លែង​កាត់​ក្ដី។

16. ឪពុក​របស់​នាង​ត្រូវ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធា‌ចារ្យ​ថា៖ «ខ្ញុំ​បាន​លើក​កូន​ស្រី​ទៅ​ឲ្យ​បុរស​នោះ​ធ្វើ​ជា​ភរិយា តែ​គេ​លែង​ស្រឡាញ់​នាង

17. គេ​បាន​បរិហារ​កេរ្តិ៍​របស់​នាង ដោយ​ពោល​ថា “ខ្ញុំ​ឃើញ​ថា​កូន​របស់​លោក​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ក៏​ប៉ុន្តែ សូម​អស់​លោក​មើល​ចុះ នេះ​ជា​ភស្ដុតាង​ដែល​បញ្ជាក់​ថា កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​ស្ត្រី​ព្រហ្មចារី​មែន!»។ ឪពុក‌ម្ដាយ​ត្រូវ​យក​សំពត់​របស់​នាង​បង្ហាញ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង។

18. ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ចាប់​បុរស​នោះ​មក​ផ្ដន្ទា​ទោស

19. ព្រោះ​គេ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ពិន័យ​អ្នក​នោះ​ឲ្យ​បង់​ប្រាក់​មួយ​រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។

20. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រឿង​នោះ​ជា​ការ​ពិត​មែន គឺ​ប្រសិន​បើ​គេ​រក​បាន​ភស្ដុតាង​ថា នាង​មិន​នៅ​ព្រហ្មចារី​ទេ

21. គេ​ត្រូវ​នាំ​ស្ត្រី​នោះ​ទៅ​មាត់​ទ្វារ​ផ្ទះ​របស់​ឪពុក​នាង ហើយ​អ្នក​ស្រុក​ត្រូវ​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​សម្លាប់​នាង ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​បង្ខូច​ខ្លួន​នៅ​ពេល​រស់​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 22