គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 22:13-25 Khmer Standard Version (KHSV)

13. ប្រសិន​បើ​បុរស​ណា​យក​ស្ត្រី​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង តែ​ក្រោយ​មក គេ​បែរ​ជា​ឈប់​ស្រឡាញ់​នាង

14. រួច​ចាប់​តាំង​បរិហារ​កេរ្តិ៍​នាង​ថា “ខ្ញុំ​បាន​យក​នាង​នេះ​មក​ធ្វើ​ជា​ភរិយា ខ្ញុំ​បាន​រួម​រស់​ជា​មួយ​នាង ហើយ​ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។

15. ឪពុក‌ម្ដាយ​របស់​នាង​ត្រូវ​យក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ទីក្រុង នៅ​ត្រង់​កន្លែង​កាត់​ក្ដី។

16. ឪពុក​របស់​នាង​ត្រូវ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធា‌ចារ្យ​ថា៖ «ខ្ញុំ​បាន​លើក​កូន​ស្រី​ទៅ​ឲ្យ​បុរស​នោះ​ធ្វើ​ជា​ភរិយា តែ​គេ​លែង​ស្រឡាញ់​នាង

17. គេ​បាន​បរិហារ​កេរ្តិ៍​របស់​នាង ដោយ​ពោល​ថា “ខ្ញុំ​ឃើញ​ថា​កូន​របស់​លោក​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ក៏​ប៉ុន្តែ សូម​អស់​លោក​មើល​ចុះ នេះ​ជា​ភស្ដុតាង​ដែល​បញ្ជាក់​ថា កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​ស្ត្រី​ព្រហ្មចារី​មែន!»។ ឪពុក‌ម្ដាយ​ត្រូវ​យក​សំពត់​របស់​នាង​បង្ហាញ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង។

18. ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ចាប់​បុរស​នោះ​មក​ផ្ដន្ទា​ទោស

19. ព្រោះ​គេ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ពិន័យ​អ្នក​នោះ​ឲ្យ​បង់​ប្រាក់​មួយ​រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។

20. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រឿង​នោះ​ជា​ការ​ពិត​មែន គឺ​ប្រសិន​បើ​គេ​រក​បាន​ភស្ដុតាង​ថា នាង​មិន​នៅ​ព្រហ្មចារី​ទេ

21. គេ​ត្រូវ​នាំ​ស្ត្រី​នោះ​ទៅ​មាត់​ទ្វារ​ផ្ទះ​របស់​ឪពុក​នាង ហើយ​អ្នក​ស្រុក​ត្រូវ​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​សម្លាប់​នាង ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​បង្ខូច​ខ្លួន​នៅ​ពេល​រស់​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។

22. ប្រសិន​បើ​គេ​តាម​ទាន់​បុរស​ម្នាក់ ដែល​កំពុង​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ជន​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ទាំង​បុរស​ដែល​រួម​ដំណេក​ជា​មួយ​ស្ត្រី​នោះ ទាំង​ស្ត្រី​ផិត​ក្បត់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

23. ពេល​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់​មាន​គូ​ដណ្ដឹង​ហើយ ប្រសិន​បើ​មាន​បុរស​ម្នាក់​ទៀត​ជួប​នាង​នៅ​ទីក្រុង រួច​រួម​ដំណេក​ជា​មួយ​នាង

24. អ្នក​រាល់​គ្នា​ត្រូវ​នាំ​ជន​ទាំង​ពីរ​នេះ​ចេញ​ពី​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ។ នាង​មាន​ទោស ព្រោះ​តែ​មិន​បាន​ស្រែក​ហៅ​អ្នក​ក្រុង​ឲ្យ​ជួយ រីឯ​បុរស​នោះ​មាន​ទោស ព្រោះ​តែ​បាន​រំលោភ​លើ​គូ​ដណ្ដឹង​របស់​អ្នក​ដទៃ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

25. ប៉ុន្តែ ប្រសិន​បើ​បុរស​នោះ​ជួប​ស្ត្រី​ក្រមុំ ដែល​មាន​គូ​ដណ្ដឹង​នៅ​វាល​ស្រែ​វិញ ហើយ​ចាប់​នាង​រំលោភ។ បុរស​ដែល​រំលោភ​នាង ត្រូវ​មាន​ទោស​ដល់​ស្លាប់។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 22