ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 22 Khmer Standard Version (KHSV)

ច្បាប់​អំពី​សត្វ ឬ​របស់​របរ​ដែល​បាត់

1. «ប្រសិន​បើ​អ្នក​ឃើញ​គោ ឬ​ចៀម​របស់​បង‌ប្អូន​អ្នក​វង្វេង កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ តែ​ត្រូវ​នាំ​សត្វ​នោះ​ទៅ​ឲ្យ​ម្ចាស់​វា​វិញ កុំ​បី​អាក់‌ខាន​ឡើយ។

2. ប្រសិន​បើ​ម្ចាស់​សត្វ​នៅ​ឆ្ងាយ ហើយ​អ្នក​មិន​ស្គាល់​គេ​ទេ ត្រូវ​នាំ​សត្វ​ទៅ​ទុក​នៅ​ផ្ទះ​អ្នក រហូត​ដល់​ម្ចាស់​វា​មក​សុំ​យក​ទៅ​វិញ ពេល​នោះ ត្រូវ​តែ​ប្រគល់​វា​ទៅ​ឲ្យ​គេ​ចុះ។

3. ចំពោះ​សត្វ​លា សម្លៀក‌បំពាក់ និង​អ្វីៗ​ទាំង​អស់​ដែល​បង‌ប្អូន​អ្នក​បាត់ ក៏​ត្រូវ​ធ្វើ​បែប​នេះ​ដែរ ប្រសិន​បើ​អ្នក​រក​ឃើញ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ។

4. ប្រសិន​បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បង‌ប្អូន​អ្នក ធ្លាក់​ទៅ​ក្នុង​ស្នាម​ភ្លោះ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ តែ​ត្រូវ​ជួយ​គេ​អូស​សត្វ​នោះ​ឲ្យ​ឡើង​មក​វិញ»។

ច្បាប់​ផ្សេងៗ

5. «ស្ត្រី​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​បុរស​ឡើយ រីឯ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​ស្ត្រី​ដែរ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ដែល​ធ្វើ​ដូច្នេះ​ទេ។

6. ពេល​ធ្វើ​ដំណើរ នៅ​តាម​ផ្លូវ ប្រសិន​បើ​អ្នក​ឃើញ​សំបុក​សត្វ​នៅ​លើ​ដើម​ឈើ ឬ​នៅ​ផ្ទាល់​ដី ហើយ​ឃើញ​កូន​សត្វ ឬ​ពង​សត្វ ដែល​មាន​មេ​វា​កំពុង​តែ​ក្រាប នោះ​មិន​ត្រូវ​យក​ទាំង​មេ ទាំង​កូន​ឡើយ។

7. ចូរ​ទុក​ឲ្យ​មេ​វា​ហើរ​ទៅ​ចុះ គឺ​យក​តែ​កូន​របស់​វា​ប៉ុណ្ណោះ​បាន​ហើយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល ព្រម​ទាំង​មាន​អាយុ​យឺន‌យូរ។

8. ប្រសិន​បើ​អ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំ‌វិញ​ដំបូល​ផ្ទះ ក្រែង​លោ​មាន​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​បណ្ដាល​ឲ្យ​អ្នក​មាន​ទោស ព្រោះ​តែ​ផ្ទះ​នោះ។

9. មិន​ត្រូវ​ព្រោះ​ពូជ​អ្វី​ផ្សេង ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​យក​ដំណាំ​ទាំង​អស់​ថ្វាយ​ព្រះ‌ជាម្ចាស់ គឺ​ទាំង​ពូជ​ផ្សេង​ដែល​អ្នក​ព្រោះ ទាំង​ផល​ទំពាំង‌បាយជូរ។

10. កុំ​ទឹម​គោ និង​លា ឲ្យ​អូស​នង្គ័ល​ជា​មួយ​គ្នា​ឡើយ។

11. កុំ​ស្លៀក​សម្លៀក‌បំពាក់​ត្បាញ​ដោយ​អំបោះ​រោម​ចៀម និង​អំបោះ​ធ្មៃ លាយ​គ្នា​ឡើយ។

12. ចូរ​ដេរ​ខ្សែ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​របស់​ក្រណាត់ ដែល​អ្នក​រុំ​ខ្លួន»។

ច្បាប់​សីលធម៌

13. ប្រសិន​បើ​បុរស​ណា​យក​ស្ត្រី​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង តែ​ក្រោយ​មក គេ​បែរ​ជា​ឈប់​ស្រឡាញ់​នាង

14. រួច​ចាប់​តាំង​បរិហារ​កេរ្តិ៍​នាង​ថា “ខ្ញុំ​បាន​យក​នាង​នេះ​មក​ធ្វើ​ជា​ភរិយា ខ្ញុំ​បាន​រួម​រស់​ជា​មួយ​នាង ហើយ​ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។

15. ឪពុក‌ម្ដាយ​របស់​នាង​ត្រូវ​យក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ទីក្រុង នៅ​ត្រង់​កន្លែង​កាត់​ក្ដី។

16. ឪពុក​របស់​នាង​ត្រូវ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធា‌ចារ្យ​ថា៖ «ខ្ញុំ​បាន​លើក​កូន​ស្រី​ទៅ​ឲ្យ​បុរស​នោះ​ធ្វើ​ជា​ភរិយា តែ​គេ​លែង​ស្រឡាញ់​នាង

17. គេ​បាន​បរិហារ​កេរ្តិ៍​របស់​នាង ដោយ​ពោល​ថា “ខ្ញុំ​ឃើញ​ថា​កូន​របស់​លោក​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ក៏​ប៉ុន្តែ សូម​អស់​លោក​មើល​ចុះ នេះ​ជា​ភស្ដុតាង​ដែល​បញ្ជាក់​ថា កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​ស្ត្រី​ព្រហ្មចារី​មែន!»។ ឪពុក‌ម្ដាយ​ត្រូវ​យក​សំពត់​របស់​នាង​បង្ហាញ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង។

18. ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ចាប់​បុរស​នោះ​មក​ផ្ដន្ទា​ទោស

19. ព្រោះ​គេ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ពិន័យ​អ្នក​នោះ​ឲ្យ​បង់​ប្រាក់​មួយ​រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។

20. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រឿង​នោះ​ជា​ការ​ពិត​មែន គឺ​ប្រសិន​បើ​គេ​រក​បាន​ភស្ដុតាង​ថា នាង​មិន​នៅ​ព្រហ្មចារី​ទេ

21. គេ​ត្រូវ​នាំ​ស្ត្រី​នោះ​ទៅ​មាត់​ទ្វារ​ផ្ទះ​របស់​ឪពុក​នាង ហើយ​អ្នក​ស្រុក​ត្រូវ​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​សម្លាប់​នាង ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​បង្ខូច​ខ្លួន​នៅ​ពេល​រស់​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។

22. ប្រសិន​បើ​គេ​តាម​ទាន់​បុរស​ម្នាក់ ដែល​កំពុង​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ជន​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ទាំង​បុរស​ដែល​រួម​ដំណេក​ជា​មួយ​ស្ត្រី​នោះ ទាំង​ស្ត្រី​ផិត​ក្បត់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

23. ពេល​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់​មាន​គូ​ដណ្ដឹង​ហើយ ប្រសិន​បើ​មាន​បុរស​ម្នាក់​ទៀត​ជួប​នាង​នៅ​ទីក្រុង រួច​រួម​ដំណេក​ជា​មួយ​នាង

24. អ្នក​រាល់​គ្នា​ត្រូវ​នាំ​ជន​ទាំង​ពីរ​នេះ​ចេញ​ពី​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ។ នាង​មាន​ទោស ព្រោះ​តែ​មិន​បាន​ស្រែក​ហៅ​អ្នក​ក្រុង​ឲ្យ​ជួយ រីឯ​បុរស​នោះ​មាន​ទោស ព្រោះ​តែ​បាន​រំលោភ​លើ​គូ​ដណ្ដឹង​របស់​អ្នក​ដទៃ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

25. ប៉ុន្តែ ប្រសិន​បើ​បុរស​នោះ​ជួប​ស្ត្រី​ក្រមុំ ដែល​មាន​គូ​ដណ្ដឹង​នៅ​វាល​ស្រែ​វិញ ហើយ​ចាប់​នាង​រំលោភ។ បុរស​ដែល​រំលោភ​នាង ត្រូវ​មាន​ទោស​ដល់​ស្លាប់។

26. រីឯ​ស្ត្រី​ក្រមុំ​នោះ​វិញ កុំ​ធ្វើ​ទោស​នាង​ឲ្យ​សោះ ដ្បិត​នាង​គ្មាន​កំហុស​អ្វី​ដែល​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ឡើយ (អំពើ​ដែល​បុរស​នោះ​ប្រព្រឹត្ត​ចំពោះ​នាង ក៏​ដូច​ជា​ឃាត‌កម្ម​មួយ​ដែរ)

27. ទោះ​បី​ស្ត្រី​ក្រមុំ​មាន​គូ​ដណ្ដឹង ដែល​ត្រូវ​បុរស​នោះ​ចាប់​រំលោភ​នៅ​វាល​ស្រែ ខំ​ប្រឹង​ស្រែក​យ៉ាង​ណា​ក្ដី ក៏​គ្មាន​នរណា​ជួយ​នាង​ដែរ។

28. ប្រសិន​បើ​បុរស​ម្នាក់​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី ដែល​ពុំ​ទាន់​មាន​គូ​ដណ្ដឹង​នៅ​ឡើយ ហើយ​ចាប់​នាង​រំលោភ រួច​មាន​គេ​តាម​ទាន់។

29. បុរស​ដែល​រំលោភ​នាង​នោះ ត្រូវ​ប្រគល់​ប្រាក់​ហា‌សិប​ណែន​ទៅ​ឲ្យ​ឪពុក​របស់​នាង ព្រោះ​តែ​បាន​រួម​ដំណេក​ជា​មួយ​នាង។ គេ​ត្រូវ​យក​នាង​ទៅ​ធ្វើ​ជា​ភរិយា​របស់​ខ្លួន អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។

30. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ គេ​ប្រមាថ​ឪពុក​របស់​ខ្លួន។