គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 21:7-21 Khmer Standard Version (KHSV)

7. ទាំង​ប្រកាស​ថា “យើង​ខ្ញុំ​ពុំ​បាន​ធ្វើ​ឃាត​ជន​រង​គ្រោះ​នេះ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃើញ​នរណា​ធ្វើ​ឃាត​គេ​ដែរ។

8. ព្រះ‌អម្ចាស់​អើយ សូម​លើក‌លែង​ទោស​អ៊ីស្រា‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​បាប​ផង។ សូម​កុំ​ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​រំដោះ ត្រូវ​ទទួល​ទោស ព្រោះ​ឃាត‌កម្ម​ទៅ​លើ​ជន​ស្លូត​ត្រង់​នេះ​ឡើយ”។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គ្មាន​ទោស ព្រោះ​តែ​ឃាត‌កម្ម​នេះ​ទេ។

9. រីឯ​អ្នក​វិញ ត្រូវ​លុប​បំបាត់​ការ​សម្លាប់​ជន​ស្លូត​ត្រង់​ឲ្យ​អស់​ពី​ចំណោម​អ្នក ហើយ​ប្រព្រឹត្ត​តែ​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។

10. «ពេល​ណា​អ្នក​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ប្រសិន​បើ​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ចាប់​ពួក​គេ​មក​ជា​ឈ្លើយ

11. ក្នុង​ចំណោម​ស្ត្រីៗ​ដែល​អ្នក​ចាប់​មក​ជា​ឈ្លើយ អ្នក​ប្រហែល​ជា​ឃើញ​ស្ត្រី​ម្នាក់​មាន​រូប​ឆោម​ស្អាត ហើយ​អ្នក​ចាប់​ចិត្ត​ស្រឡាញ់ ចង់​បាន​នាង​មក​ធ្វើ​ជា​ភរិយា

12. ត្រូវ​យក​នាង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ឲ្យ​នាង​កោរ​សក់ និង​កាត់​ក្រចក​ដៃ ក្រចក​ជើង

13. នាង​ត្រូវ​ប្ដូរ​សម្លៀក‌បំពាក់ ដែល​នាង​ស្លៀក នៅ​ពេល​គេ​ចាប់​នាង​មក​ជា​ឈ្លើយ​សឹក​ចេញ នាង​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​កាន់​ទុក្ខ​ឪពុក‌ម្ដាយ​របស់​ខ្លួន អស់​រយៈ​ពេល​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង រៀប‌ការ​ជា​មួយ​នាង ហើយ​នាង​នឹង​ទៅ​ជា​ភរិយា​របស់​អ្នក។

14. ក្រោយ​មក ប្រសិន​បើ​អ្នក​លែង​ពេញ​ចិត្ត​នឹង​នាង​ទៀត​ហើយ នោះ​ត្រូវ​ដោះលែង​នាង​ឲ្យ​មាន​សេរីភាព​ចុះ អ្នក​មិន​អាច​លក់​នាង ឬ​ទុក​នាង​ជា​ខ្ញុំ​បម្រើ​ទេ ព្រោះ​អ្នក​បាន​រួម​រស់​ជា​មួយ​នាង​រួច​ស្រេច​ទៅ​ហើយ»។

15. «ប្រសិន​បើ​បុរស​ម្នាក់​មាន​ភរិយា​ពីរ គាត់​ស្រឡាញ់​ភរិយា​មួយ​ខ្លាំង​ជាង​ភរិយា​មួយ​ទៀត ហើយ​នាង​ទាំង​ពីរ​មាន​កូន​ប្រុស​ដូច​គ្នា តែ​កូន​ច្បង​ជា​កូន​របស់​នាង​ដែល​គាត់​មិន​សូវ​ស្រឡាញ់។

16. នៅ​ពេល​ចែក​កេរ‌មត៌ក​ឲ្យ​កូន គាត់​មិន​អាច​យក​ចំណែក​មត៌ក​ដែល​ត្រូវ​បាន​ទៅ​កូន​ច្បង ឲ្យ​កូន​ប្រុស​របស់​ភរិយា ដែល​គាត់​ស្រឡាញ់​ជាង​នោះ​ឡើយ ចំណែក​នេះ​ត្រូវ​តែ​បាន​ទៅ​លើ​កូន​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ព្រោះ​គេ​ជា​កូន​ច្បង។

17. គាត់​ត្រូវ​តែ​ទទួល​ស្គាល់​ថា កូន​ច្បង គឺ​កូន​ប្រុស​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ហើយ​ប្រគល់​ចំណែក​មត៌ក​ឲ្យ​កូន​នោះ​ពីរ​ដង​ច្រើន​ជាង​កូន​ឯ​ទៀតៗ ដ្បិត​កូន​នេះ​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ដូច្នេះ គេ​ទទួល​ឯក‌សិទ្ធិ​ជា​កូន​ច្បង»។

18. «ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​រឹង‌រូស​បះ‌បោរ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ ទោះ​បី​ឪពុក‌ម្ដាយ​វាយ​ប្រដៅ ក៏​វា​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ដដែល

19. ឪពុក‌ម្ដាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ទីក្រុង នៅ​កន្លែង​ដែល​គេ​កាត់​ក្ដី។

20. ឪពុក‌ម្ដាយ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង​ថា “កូន​ប្រុស​របស់​យើង​ខ្ញុំ​នេះ​ជា​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ​មិន​ស្ដាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ខិល‌ខូចជា​មនុស្ស​ប្រមឹក”។

21. ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​កូន​នោះ។ ធ្វើ​ដូច្នេះ អ្នក​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​រឿង​នេះ ហើយ​គេ​នឹង​ភ័យ​ខ្លាច»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 21