គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 2:6-19 Khmer Standard Version (KHSV)

6. ត្រូវ​យក​ប្រាក់​ទិញ​ម្ហូប​អាហារ​ពី​ពួក​គេ​មក​បរិភោគ ហើយ​សូម្បី​តែ​ទឹក​ដែល​អ្នក​រាល់​គ្នា​ផឹក ក៏​ត្រូវ​បង់​ប្រាក់​ដែរ

7. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះ‌អង្គ​តាម​ថែ‌រក្សា​អ្នក ក្នុង​ពេល​អ្នក​ធ្វើ​ដំណើរ​នៅ​វាល​រហោ‌ស្ថាន​ដ៏​ធំ​នេះ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​មក​ហើយ អ្នក​មិន​ខ្វះ​ខាត​អ្វី​ទាល់​តែ​សោះ”។

8. ពួក​យើង​បាន​ដើរ​វាង​ស្រុក​របស់​កូន​ចៅ​លោក​អេសាវ ជា​បង‌ប្អូន​របស់​យើង ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​សៀរ ហើយ​ពួក​យើង​ក៏​បាន​ដើរ​វាង​ឆ្ងាយ​ពី​ផ្លូវ​ទៅ​តំបន់​អារ៉ា‌បា អេឡាត និង​អេស‌ស៊ាន-‌គេ‌ប៊ើរ ដែរ។ បន្ទាប់​មក ពួក​យើង​ប្ដូរ​ទិស​ចេញ​ដំណើរ​តាម​ផ្លូវ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​ម៉ូអាប់។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “មិន​ត្រូវ​វាយ​លុក​ស្រុក​ម៉ូអាប់​ឡើយ កុំ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ពួក​គេ​ឲ្យ​សោះ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​គេ​ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ក្រុង​អើរ ឲ្យ​កូន​ចៅ​របស់​ឡុត ទុក​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

10. ពី​មុន ជន‌ជាតិ​អេមីម​រស់​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន‌ជាតិ​អណាក់​ដែរ។

11. អ្នក​ឯ​ទៀតៗ​ចាត់​ទុក​ពួក​នោះ​ជា​ជន‌ជាតិ​រេផែម ដូច​ជន‌ជាតិ​អណាក់​ដែរ។ ក៏​ប៉ុន្តែ ជន‌ជាតិ​ម៉ូអាប់​ហៅ​ពួក​គេ​ថា ជន‌ជាតិ​អេមីម។

12. ពី​មុន ជន‌ជាតិ​ហូរី​រស់​នៅ​ស្រុក​សៀរ តែ​កូន​ចៅ​របស់​លោក​អេសាវ​បាន​ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ព្រម​ទាំង​កម្ទេច​ពួក​គេ​ចោល ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាប់​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ ដោយ​ដេញ​អ្នក​ស្រុក​នោះ​ចេញ​ពី​ស្រុក​ដែរ។

13. “ឥឡូវ​នេះ ចូរ​ក្រោក​ឡើង នាំ​គ្នា​ឆ្លង​កាត់​ជ្រោះ​សេរេដ”។ ពួក​យើង​ក៏​ឆ្លង​កាត់​ជ្រោះ​សេរេដ។

14. ចាប់​ពី​ពេល​ពួក​យើង​ធ្វើ​ដំណើរ​ពី​កាដេស-‌បារនា​មក​ទល់​ពេល​ឆ្លង​កាត់​ជ្រោះ​សេរេដ មាន​រយៈ​ពេល​ទាំង​អស់​សាម‌សិប​ប្រាំ​បី​ឆ្នាំ គឺ​រហូត​ដល់​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម​នៅ​ជំនាន់​នោះ បាន​បាត់​បង់​ជីវិត​អស់ ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ពួក​គេ។

15. ព្រះ‌អម្ចាស់​បាន​ប្រហារ​ពួក​គេ​អស់​ពី​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​គ្មាន​នៅ​សល់​នរណា​ម្នាក់​ឡើយ។

16. ពេល​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម បាន​ស្លាប់​បាត់​អស់​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:

18. “ថ្ងៃ​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​ព្រំ‌ដែន​ស្រុក​ម៉ូអាប់ ហើយ​ឆ្លង​កាត់​ក្រុង​អើរ

19. ឆ្ពោះ​ទៅ​កាន់​ស្រុក​អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​ឲ្យ​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​របស់​ឡុត ធ្វើ​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 2