គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 2:28-37 Khmer Standard Version (KHSV)

28. បើ​ព្រះ‌ករុណា​ផ្គត់‌ផ្គង់​ម្ហូប​អាហារ និង​ទឹក​ដល់​យើង​ខ្ញុំ​បរិភោគ យើង​ខ្ញុំ​នឹង​បង់​ប្រាក់​ថ្វាយ​ព្រះ‌ករុណា យើង​ខ្ញុំ​សូម​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា​តែ​ប៉ុណ្ណោះ។

29. កូន​ចៅ​លោក​អេសាវ​ដែល​រស់​នៅ​ស្រុក​សៀរ បាន​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ ហើយ​ជន‌ជាតិ​ម៉ូអាប់​ដែល​រស់​នៅ​ក្រុង​អើរ ក៏​បាន​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ​ដែរ។ ហេតុ​នេះ សូម​ព្រះ‌ករុណា​មេត្តា​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ប្រទាន​ឲ្យ​យើង​ខ្ញុំ​នោះ​ផង”។

30. ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែស‌បូន ពុំ​ព្រម​ឲ្យ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ធ្វើ​ឲ្យ​ស្ដេច​នោះ​មាន​ចិត្ត​មានះ និង​រឹង‌រូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។

31. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “មើល៍ យើង​បាន​ប្រគល់​ស៊ីហុន និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ឥឡូវ​នេះ​ហើយ។ ដូច្នេះ ចូរ​ទៅ​ចាប់​យក​ស្រុក​នោះ​ឥឡូវ​នេះ​ចុះ”។

32. ស្ដេច​ស៊ីហុន​បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​រក​ពួក​យើង ដើម្បី​វាយ​លុក​ពួក​យើង នៅ​យ៉ាហាស់។

33. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ស្ដេច​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ស្ដេច​ស៊ីហុន និង​កូន​របស់​ស្ដេច ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល។

34. នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស៊ីហុន ហើយ​កម្ទេច​ពួក​គេ ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេង​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។

35. ពួក​យើង​រឹប​អូស​តែ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ពី​ក្រុង​នានា​ដែល​ពួក​យើង​ដណ្ដើម​យក​បាន​ប៉ុណ្ណោះ។

36. ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​នៅ​តាម​មាត់​ស្ទឹង​អើណូន និង​ក្រុង​ឯ​ទៀតៗ​នៅ​ក្នុង​ជ្រលង​ភ្នំ​រហូត​ដល់​ស្រុក​កាឡាដ គ្មាន​ក្រុង​ណា​មួយ​អាច​តទល់​នឹង​ពួក​យើង​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រគល់​ក្រុង​ទាំង​នោះ​មក​ឲ្យ​ពួក​យើង។

37. ប៉ុន្តែ ពួក​យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​ជន‌ជាតិ​អាំម៉ូន ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​មាត់​ស្ទឹង​យ៉ាបុក ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​តំបន់​ភ្នំ និង​ក្រុង​ឯ​ទៀតៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ហាម​ឃាត់​នោះ​ឡើយ»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 2