គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 2:18-28 Khmer Standard Version (KHSV)

18. “ថ្ងៃ​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​ព្រំ‌ដែន​ស្រុក​ម៉ូអាប់ ហើយ​ឆ្លង​កាត់​ក្រុង​អើរ

19. ឆ្ពោះ​ទៅ​កាន់​ស្រុក​អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​ឲ្យ​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​របស់​ឡុត ធ្វើ​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

20. គេ​ក៏​ចាត់​ទុក​តំបន់​នោះ​ថា​ជា​ស្រុក​របស់​ជន‌ជាតិ​រេផែម​ដែរ។ ពី​មុន ជន‌ជាតិ​រេផែម​រស់​នៅ​ក្នុង​ស្រុក​នោះ ហើយ​ជន‌ជាតិ​អាំម៉ូន​ហៅ​ពួក​គេ​ថា ជន‌ជាតិ​សាំស៊ូ‌មីម។

21. ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន‌ជាតិ​អណាក់។ ព្រះ‌អម្ចាស់​បាន​កម្ទេច​ពួក​គេ​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អាំម៉ូន។ ជន‌ជាតិ​អាំម៉ូន​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ហើយ​តាំង​ទី​លំ‌នៅ​ជំនួស​ពួក​គេ។

22. ព្រះ‌អម្ចាស់​ធ្វើ​ដូច្នេះ សម្រាប់​កូន​ចៅ​លោក​អេសាវ នៅ​ស្រុក​សៀរ​ដែរ គឺ​ព្រះ‌អង្គ​បាន​កម្ទេច​ជន‌ជាតិ​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ។ កូន​ចៅ​លោក​អេសាវ​បាន​បណ្ដេញ​ពួក​គេ​ចេញ ហើយ​តាំង​ទី​លំ‌នៅ ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ រហូត​មក​ដល់​សព្វ​ថ្ងៃ។

23. ជន‌ជាតិ​អាវីម​ដែល​រស់​នៅ​តាម​ភូមិ​នានា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន‌ជាតិ​កាប់‌ថោរ ចេញ​មក​ពី​ស្រុក​កាប់‌ថោរ កម្ទេច​អស់ ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។

24. “ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឆ្លង​កាត់​ស្ទឹង​អើណូន។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​ជន‌ជាតិ​អាម៉ូរី និង​ជា​ស្ដេច​ក្រុង​ហែស‌បូន ព្រម​ទាំង​ទឹក​ដី​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​រៀប‌ចំ​ទ័ព​វាយ​លុក​ស្រុក​គេ​ឥឡូវ​នេះ ហើយ​កាន់​កាប់​ស្រុក​នោះ​ចុះ!

25. ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​គ្រប់​ទី​កន្លែង​ភ័យ​ខ្លាច និង​កោត​ស្ញប់‌ស្ញែង​អ្នក។ ពេល​ណា​ឮ​សូរ​ឈ្មោះ​អ្នក គេ​នឹង​ភ័យ​ញាប់​ញ័រ ហើយ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​អ្នក”»។

26. «ខ្ញុំ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោ‌ស្ថាន​ក្ដេម៉ូត ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែស‌បូន ដើម្បី​ទូល​ស្ដេច​ដោយ​សម្រួល គឺ​ខ្ញុំ​ឲ្យ​គេ​ទូល​ថា:

27. “យើង​ខ្ញុំ​ចង់​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ប៉ុណ្ណោះ យើង​ខ្ញុំ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ទេ។

28. បើ​ព្រះ‌ករុណា​ផ្គត់‌ផ្គង់​ម្ហូប​អាហារ និង​ទឹក​ដល់​យើង​ខ្ញុំ​បរិភោគ យើង​ខ្ញុំ​នឹង​បង់​ប្រាក់​ថ្វាយ​ព្រះ‌ករុណា យើង​ខ្ញុំ​សូម​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា​តែ​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 2