គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 19:7-15 Khmer Standard Version (KHSV)

7. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ឲ្យ​ញែក​ក្រុង​បី​ទុក​ដាច់​ឡែក​ពី​គេ។

8. ប្រសិន​បើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​ឲ្យ​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ហើយ​ប្រសិន​បើ​ព្រះ‌អង្គ​ប្រគល់​ស្រុក​ទាំង​មូល​មក​អ្នក ជា​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក

9. អ្នក​ត្រូវ​បន្ថែម​ក្រុង​បី​ទៀត​ពី​លើ​ក្រុង​បី​នោះ។ ប៉ុន្តែ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ។

10. ធ្វើ​ដូច្នេះ នឹង​គ្មាន​ការ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក ទុក​ជា​កេរ‌មត៌ក​ឡើយ ហើយ​អ្នក​ក៏​នឹង​គ្មាន​ទោស​ដែរ។

11. ប៉ុន្តែ ប្រសិន​បើ​នរណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ដទៃ ហើយ​ប្រើ​កល​ល្បិច ចាំ​ស្ទាក់​វាយ​ប្រហារ​គេ​រហូត​ដល់​ស្លាប់ ទោះ​បី​ជន​នោះ​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជម្រក​ណា​មួយ​ក៏​ដោយ

12. ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ក្រុង​ដែល​ជន​នោះ​រស់​នៅ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ជន​នោះ​មក​វិញ ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ដើម្បី​ឲ្យ​ជន​នោះ​ទទួល​ទោស​ដល់​ស្លាប់។

13. កុំ​អាណិត​មនុស្ស​បែប​នេះ​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​ជន​ដែល​បង្ហូរ​ឈាម​មនុស្ស​ស្លូត​ត្រង់​ឲ្យ​អស់​ពី​ទឹក​ដី​អ៊ីស្រា‌អែល ហើយ​អ្នក​នឹង​មាន​សុភមង្គល»។

14. «ពេល​ណា​អ្នក​ចូល​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​ទុក​ជា​កេរ‌មត៌ក​ហើយ មិន​ត្រូវ​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី​របស់​អ្នក​ជិត​ខាង ជា​របង​ដាំ​ដោយ​អ្នក​ដែល​ទៅ​ដល់​មុន​គេ​នោះ​ឡើយ»។

15. «ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​ពុំ​អាច​ដាក់​ទោស​នរណា​ដែល​ជាប់​សង្ស័យ​ថា ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ បទ​ល្មើស ឬ​អំពើ​បាប​ណា​មួយ​នោះ​ឡើយ។ កាល​ណា​មាន​សាក្សី​ពីរ ឬ​បី​នាក់ ទើប​សំណុំ​រឿង​នោះ​អាច​យក​ជា​ការ​បាន។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 19