គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 19:11-19 Khmer Standard Version (KHSV)

11. ប៉ុន្តែ ប្រសិន​បើ​នរណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ដទៃ ហើយ​ប្រើ​កល​ល្បិច ចាំ​ស្ទាក់​វាយ​ប្រហារ​គេ​រហូត​ដល់​ស្លាប់ ទោះ​បី​ជន​នោះ​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជម្រក​ណា​មួយ​ក៏​ដោយ

12. ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ក្រុង​ដែល​ជន​នោះ​រស់​នៅ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ជន​នោះ​មក​វិញ ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ដើម្បី​ឲ្យ​ជន​នោះ​ទទួល​ទោស​ដល់​ស្លាប់។

13. កុំ​អាណិត​មនុស្ស​បែប​នេះ​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​ជន​ដែល​បង្ហូរ​ឈាម​មនុស្ស​ស្លូត​ត្រង់​ឲ្យ​អស់​ពី​ទឹក​ដី​អ៊ីស្រា‌អែល ហើយ​អ្នក​នឹង​មាន​សុភមង្គល»។

14. «ពេល​ណា​អ្នក​ចូល​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​ទុក​ជា​កេរ‌មត៌ក​ហើយ មិន​ត្រូវ​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី​របស់​អ្នក​ជិត​ខាង ជា​របង​ដាំ​ដោយ​អ្នក​ដែល​ទៅ​ដល់​មុន​គេ​នោះ​ឡើយ»។

15. «ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​ពុំ​អាច​ដាក់​ទោស​នរណា​ដែល​ជាប់​សង្ស័យ​ថា ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ បទ​ល្មើស ឬ​អំពើ​បាប​ណា​មួយ​នោះ​ឡើយ។ កាល​ណា​មាន​សាក្សី​ពីរ ឬ​បី​នាក់ ទើប​សំណុំ​រឿង​នោះ​អាច​យក​ជា​ការ​បាន។

16. ពេល​សាក្សី​ក្លែង‌ក្លាយ​ម្នាក់​ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ទៀត​ថា បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ

17. អ្នក​ទាំង​ពីរ​ដែល​មាន​ទំនាស់​នឹង​គ្នា ត្រូវ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ* និង​ចៅ‌ក្រម​ដែល​កាន់​មុខ​តំណែង នៅ​ពេល​នោះ។

18. ចៅ‌ក្រម​ត្រូវ​សាក​សួរ​ឲ្យ​បាន​ល្អិត‌ល្អន់។ ប្រសិន​បើ​ឃើញ​ថា​សាក្សី​នោះ​និយាយ​ការ​មិន​ពិត គឺ​គាត់​មួល​បង្កាច់​បង‌ប្អូន​របស់​ខ្លួន

19. នោះ​ត្រូវ​ដាក់​ទោស​គាត់​ដូច​គាត់​បាន​គ្រោង​ទុក សម្រាប់​ដាក់​ទោស​ជន​ជាប់​ចោទ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 19